(បាត់ដំបង) វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យដ៏សំខាន់របស់ជាតិ។ សម្រាប់ថ្ងៃអាទិត្យ ១៥កើត ជាថ្ងៃពេញបូណ៌មីខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត សហការជាមួយសាលាគណខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា មានលក្ខណៈជាទ្រង់ទ្រាយធំ ដោយមានរៀបចំជាក្បួនដង្ហែ ចាប់ផ្តើមពីវត្តពោធិវាល ស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចបន្តនៅតាមដងវិថីនានា ក្នុងក្រុងបាត់ដំបង ជុំវិញដងស្ទឹងសង្កែ រួចវិលចូលមកកាន់ទីអារាមវត្តពោធិវាលវិញ។ពិធីនេះ បានប្រព្រឹត្តិទៅក្រោមវត្តមាននិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក ទាំង២គណៈ លោក អ៊ុយ ឬ ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្ស និស្សិត និងប្រជាពុទ្ធបរិស័ទ ដែលមកពីគ្រប់ទិសទីជាច្រើនទៀត។ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ទី១.ព្រះអង្គទ្រង់ប្រសូត ទី២. ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣. ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង ៣នេះ បានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ដោយមើលឃើញពីភាពអស្ចារ្យ និងមើលឃើញពីទ្រឹស្តី ដែលមានសុខសន្តិភាពបែបអហិង្សានៅក្នុងព្រះពុទ្ធសាសនានេះហើយ ទើបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានកំណត់ថ្ងៃនេះជាថ្ងៃបុណ្យអន្តរជាតិ អនុញ្ញាតឱ្យមានការឈប់សម្រាក ទូទាំងពិភពលោក ហើយអ្វីដែលពិសេសបំផុតនោះ គឺអង្គការសហប្រជាជាតិ តែងតែប្រារព្ធពិធីនេះនៅទីស្នាក់ការរបស់ខ្លួនជារៀងរាល់ឆ្នាំ និងនៅតាមបណ្តាប្រទេសនានា ដែលមានប្រជាជនកាន់ព្រះពុទ្ធសាសនាក៏បានប្រារព្ធធ្វើពិធីសាសនាប្រហាក់ប្រហែលគ្នានេះផងដែរ។អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបង្ហាញឱ្យដឹងថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោយពីទទួលបាននូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសជាតិមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះយើងកត់សម្គាល់ឃើញថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំង ក្នុងការអភិវឌ្ឍន៍ទាំងផ្នែកសម្ភាររូបវ័ន្ត ទាំងផ្នែកស្មារតី ក៏ដូចជាធនធានព្រះសង្ឃផងដែរ។លោក បានបន្តថា ពិធីសាសនានានារបស់ព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធឡើងជាហូរហែទៅតាមជំនឿរបស់ពុទ្ធបរិស័ទ ដែលភាគច្រើនតែងតែមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅតាមតំបន់រៀងខ្លួន ជាក់ស្តែងដូចជាពេលនេះគ្រប់ស្ថាប័នទាំងអស់នៅក្នុងខេត្ត បានមកជួបជុំគ្នាប្រាថ្នាឧទ្ទិសនូវពិធីនេះឱ្យក្លាយជាពិធីវប្បធម៌ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិតនិងប្រជាពុទ្ធបរិស័ទទូទៅបានធ្វើកិច្ចរួមគ្នាក្នុងមួយឆ្នាំមានម្តង ដើម្បីសម្តែងនូវសាមគ្គីភាព រវាងពុទ្ធបរិស័ទក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង។លោក អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ទីកន្លែងនក្ខត្តសម័យទាំង ៣នេះ គឺព្រះអង្គប្រសូតនៅក្នុងព្រៃ ត្រាស់ដឹងនៅក្នុងព្រៃនិងបរិនិព្វាននៅក្នុងព្រៃ ដែលអមទៅដោយផ្កាភ្ញីដុះហែរហមញ៉ាំងឱ្យបរិវេណនោះពោរពេញទៅដោយសោភ័ណភាពគួរជាទីជ្រះថ្លាក្រៃលែង ដែលសកម្មភាពនេះគឺជាគំរូ និងជាការជំរុញទឹកចិត្តឱ្យពុទ្ធបរិស័ទ ក៏ដូចជាមនុស្សជាតិទូទៅនៅលើពិភពលោកចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថាន និងមានគំនិតចេះថែរក្សាការពារឱ្យបានល្អប្រសើរ។ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ព្រះពុទ្ធសាសនា គឺពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការធ្វើជាគំរូនៃការថែរក្សា និងរៀបចំបរិស្ថានធម្មជាតិឱ្យបានស្អាតបរិសុទ្ធ ដើម្បីជាទីជ្រះថ្លានៃពុទ្ធបរិស័ទ និងមនុស្សជាតិទូទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ