ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ
Mon,25 November 2024 (Time 04:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ភ្នំពេញ៖ ក្រោយពីដំណើរកិច្ចប្រជុំរយៈពេលពីរថ្ងៃមក សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញនោះ បានឈានដល់ការបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យនាំមកនូវផ្លែផ្កាជាទីមោទនៈ ក្នុងកិច្ចការពារសន្តិភាពនិងការលើកកម្ពស់វប្បធម៌សន្ទនាតាមរយៈការពង្រឹងតួនាទីរបស់សភា ដើម្បីសន្តិភាពនិងវិបុលភាព របស់ប្រជាពលរដ្ឋ។

នៅក្នុងពិធីបិទកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យ្រជុំពេញអង្គ IPTP លើកទី១១ បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះសមាជិកគ្រួសារសភា IPTP និងដៃគូកិច្ចសហប្រតិបត្តិការទំាងអស់ដែលបានខិតខំប្រឹងប្រែង រួមវិភាគទាន បញ្ចេញនូវទស្សនៈ ចែករំលែកបទពិសោធ មានសារៈសំខាន់ ដើម្បីពង្រឹងយន្តការសភា លើកកម្ពស់វប្បធម៌សន្ទនា ឈានដល់ការសម្រេចបាននូវចក្ខុវិស័យនិងបំណងប្រាថ្នារួមមួយដើម្បីសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាររបស់ IPTP លើកទី១១ មានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ។ ប្រជាជាតិនីមួយៗ គួរជ្រើសរើសការចរចាជាជាងការបង្កអំពើហិង្សា។ មានតែការយោគយល់គ្នា ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាតម្លៃពិតនៅក្នុងការធានាបាននូវកិច្ចសហប្រតិបត្តិយូរអង្វែងដែលនាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។
សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជិត៣០០នាក់ បានអញ្ជើញមកពីប្រទេសចំនួន៥៣ មកពីបណ្តាទ្វីបនានានៅក្នុងពិភពលោក។ នៅក្នុងការប្រមូលផ្តុំគំនិតទស្សនៈ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ សម័យប្រជុំពេញអង្គ IPTP បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការចំនួន៥ មានគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹកនិងសន្តិសុខបរិស្ថាន គណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការច្បាប់និងយុត្តិធម៌។ ជាមួយគ្នានេះ សម័យប្រជុំបានបើកសម័យប្រជុំពេញអង្គចំនួនពីរវគ្គ ។
ជាលទ្ធផលរួម សម័យប្រជុំ IPTP បានសម្រេចនូវឯកសារចំនួនពីរជាសំខាន់ មានសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិនិងភពផែនដី។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំទូលំទូលាយថែមទៀត នៅក្នុងសម័យប្រជុំលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ IPTP បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូចំនួនបួន មានអនុស្សរណៈនៃការយោគយល់ជាមួយ អន្តរសភាអាស៊ាន(AIPA) ជាមួយសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព(IAPP) ជាមួយក្រុមប្រឹក្សាទឹកអាស៊ី (AAWC) និងជាមួយរដ្ឋសភាឆាដ។
សម័យប្រជុំ IPTP បានប្រគល់បានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍សន្តិភាព របស់កម្ពុជា សម្តេចបានពលិកម្មស្ទើរពេញមួយជិវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិនិងការលើកម្ពស់សន្តិភាព ជូនប្រជាជននិងប្រទេសកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានសម័យប្រជុំពេញអង្គលើកទី១១ IPTP បានគូសបញ្ជាក់ថាការប្រគល់ពានរង្វាន់សន្តិភាពជូន សម្តេចតេជោ ហ៊ុន សែន គឺពិតជាស័ក្តិសមបំផុតក្នុងការឆ្លើយតបនឹងពលិកម្មរបស់សម្តេច។ ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញពីតម្លៃសន្តិភាពយូរអង្វែង បើគ្មានសន្តិភាពយើងមិនអាចទទួលបាននូវការអភិវឌ្ឍដូចបច្ចុប្បន្ន និងការទទួលបានអនាគតដ៏រុងរឿងនោះឡើយ។
ក្រោមម្លប់សុខសន្តិភាព កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យមោះមុត ច្បាស់លាស់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទំាងអស់នេះកើតមានបានដោយសារសន្តិភាព។
សូមជម្រាបថា ធម្មនុញ្ញសន្តិភាព ដែលសម័យប្រជុំ IPTP លើកទី១១ បានគំាទ្រនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ។ ធម្មនុញ្ញសន្តិភាព តាក់តែងឡើងដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញទៅវិញទៅមក វិបុលភាពរួម គុណតម្លៃសកលនិងការរួមរស់ជាមួយសន្តិភាព។ ធម្មនុញ្ញសន្តិភាពនឹងក្លាយជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្រ្គាម ការផ្គត់ផ្គង់សន្តិសុខស្បៀងនិងសង្រ្គោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នារបស់ IPTP នាពេលនេះគឺជាការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញពិភពលោកមួយដែលមិនទទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។
កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែល IPTP និងដៃគូត្រូវរួមគ្នាដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។
សម្តេចបានគូសបញ្ជាក់ថា “យើងគួរបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ហើយប្រែក្លាយពាក្យសំដីរបស់យើងទៅជាសកម្មភាពជាក់ស្តែង ដើម្បីពលរដ្ឋរបស់យើង។ អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើឱ្យបាន។ សាររបស់យើងនាពេលនេះគឺមានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការយោគយល់គ្នាជាជាងការបែកបាក់ និងការអាណិតអាសូរ សន្តោសប្រណី ជាជាងការស្អប់ខ្ពើមគ្នា។ យើងសូមអំពាវនាវឱ្យមានសន្តិភាពដ៏យូរអង្វែងសម្រាប់ភពផែនដីយើង ដែលអាចផ្តល់សន្តិសុខ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់មនុស្សគ្រប់ទីកន្លែង”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ