សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។
ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ការប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិស ឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺ ត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការរៀបចំ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នេះរាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ៕