ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំរៀបចំ និងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើបង្ហាញ ពីលទ្ធផលនៃការសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាពវិស័យព័ត៌មាននិងសោតទស្សន៍សំខាន់ៗ ផ្សេងទៀតគិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។
ការសិក្សានេះ ក៏ជាកត្តាវាស់វែងតួនាទី និងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ៕