អាជ្ញាធរស្រុកបាណន់ ដឹកនាំកម្លាំងចម្រុះ បើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក នៅមុនសង្រ្កាន្តឆ្នាំថ្មីចូលមកដល់
(បាត់ដំបង)នៅមុនសង្រ្កាន្តឆ្នាំថ្មីចូលមកដល់នោះ អាជ្ញាធរស្រុកបាណន់ដឹកនាំកម្លាំងចម្រុះ មានមន្ត្រីរាជការជុំវិញស្រុក សហភាពសព័ន្ធយុវជកម្ពុជាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីបើកយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវទីសាធារណៈ ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ។
យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះស្ថិតក្នុងគោលបំណង ដើម្បីធ្វើការបណ្ដុះគំនិតដល់យុវជនឱ្យចេះស្រឡាញ់វិស័យបរិស្ថាន និងភាពស្អាតជានិច្ចប្រកបដោយផាសុកភាព សម្រាប់រស់នៅមានសុខដុមរមនីយកម្មល្អប្រសើរ ខណៈដែលក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ -២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាផងដែរ ។
យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនឹងចង្អុលបង្ហាញពីការងារអាទិភាព ការលេីកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងសសរស្ដម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថានការលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យសុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍ ។
យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្ដាផ្លូវជាតិនៅទូទាំងប្រទេសឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង ពិសេសដើម្បីការរស់នៅប្រកបដោយ ផាសុកភាព និងភាពស៊ីវិល័យ ។
បច្ចុប្បន្នទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយេីង ដែលប្រឈមនឹងជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកន្លងមកបានគំរាមកំហែងសុខភាព និងអាយុជីវិតមនុស្សជាតិ ហេីយបទពិសោធន៍ ដែលយេីងបានរៀនសូត្រពីជំងឺកូវីដ១៩ គឺជាការចូលរួមថែរក្សាអនាម័យបរិស្ថាន ការរស់នៅស្អាត សុខភាពល្អ និងការបរិភោគអាហារ ដែលមានសុខភាព ។
ក្នុងនោះរដ្ឋបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សទាំងអស់ បើទោះបីជានៅសាលារៀនក្ដី នៅផ្ទះ ឬសហគមន៍ និងនៅតាមទីសាធារណៈក្ដី សូមនាំគ្នាសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដើម្បីធ្វើការផ្លាស់ប្ដូរឥរិយាបទ ផ្នត់គំនិតទម្លាប់អាក្រក់ ដែលចោលសំរាម ជាសំណល់រាវ រឹង និងថង់ប្លាស្ទិកគ្មានសណ្ដាប់ធ្នាប់ពាសវាល ពាសកាល នៅតាមទីប្រជុំជន សំណង់ទ្វារទឹក អូរ ស្ទឹង ឱ្យមកចេះញែក ការវេចខ្ទប់ ទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ ដើម្បីសុខភាពអនាម័យ និងបរិស្ថានស្អាតជានិច្ច។
ការអនុវត្តន៍កិច្ចការទាំងនេះបាន គឺជាការទាក់ទាញកំណេីនភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យមកលេងកម្សាន្តនៅស្រុកបាណន់ ខណៈស្រុកមួយនេះសំបូរតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង តាមគោលការណ៍របស់ក្រសួង និងមន្ទីរទេសចរណ៍ គឺមកម្ដងហេីយចង់មកម្ដងទៀត ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ៕