ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមបង្ការទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូលកម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ
Fri,28 March 2025 (Time 08:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ភ្នំពេញ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការលើកទឹកចិត្តដល់អង្គការដៃគូជាតិ និងអន្តរជាតិ ដែលបានចូលរួមគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្រ្តទាំងបួន ដែលត្រូវបានកំណត់ដោយឯកភាពគ្នា ក្នុងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូលកម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។

ពីវេទិកានោះដែរ ប្រមុខក្រសួងមហាផ្ទៃ បានលើកឡើងថា ពិធីផ្សព្វផ្សាយលទ្ធផលការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីចែកជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស រហូតទទួលលទ្ធផលដ៏ធំធេងនេះ។ លទ្ធផលនេះក៏ជាការបង្ហាញនូវឆន្ទៈរួម និងកម្លាំងសរុប ដែលគ្រប់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល ទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ទាំងវិស័យសាសនា និងវិស័យឯកជន បាននាំគ្នាពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ ដើម្បីធ្វើឱ្យសម្រេចនូវលទ្ធផលនេះ។

ទន្ទឹមនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍លើកទឹកចិត្តដល់បណ្តាខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសខេត្តជាប់ព្រំដែនថៃ ដែលមានពលករច្រើនជាងគេ ត្រូវត្រៀមលក្ខណៈក្នុងការបង្ការ ទប់ស្កាត់ឱ្យបាន ព្រោះកន្លងទៅ ឯកឧត្តម បានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋវិលមកវិញមួយចំនួនតូច ឆ្លងកាត់ដោយខុសច្បាប់ ដែលនេះទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងឱ្យបានជនអន្តោប្រវេសន៍ និងពលករចេញ-ចូលដោយស្របច្បាប់។

ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលរងគ្រោះដោយការគំរាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ក្នុងនោះសមត្ថកិច្ចកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញា និងទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាងបេសកកម្ម នៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់ខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។

ជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្ត និងថ្លែងអំណរគុណគ្រប់កិច្ចសហការពីសមត្ថកិច្ចជំនាញ និងស្ថានទូត ឬស្ថានតំណាងនៃបណ្តាប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ប្រទេសញ៉ូសេឡែន ប៉ូឡូញ បែលហ្ស៊ិក ចក្រភពអង់គ្លេស ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ឥណ្ឌា វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន ថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលសកម្មភាពនេះបានបង្ហាញអំពីកិច្ចសហការល្អ ក្នុងការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កាន់តែមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ គ.ជ.ប.ជ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀត រួមមាន៖ ការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥតឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ