សេចក្តីជូនដំណឹងស្តីពីការចុះលាងសម្អាតតាមចុងបំពង់ទុយោទឹកស្អាតនៅតាមទីតាំងមួយចំនួន ក្នុងក្រុងបាត់ដំបង
រដ្ឋាករទឹកបាត់ដំបង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ការដ្ឋាន ឬ អ្នកអនុវត្តគម្រោង ជាអតិថិជនរបស់រដ្ឋាករទឹកបាត់ដំបង មេត្តាជ្រាបថាៈ ប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋាករទឹក បាត់ដំបង បានពិនិត្យឃើញថា គុណភាពទឹកស្អាតរដ្ឋាករទឹកបាត់ដំបង នៅតាមទីតាំងចុងបំពង់ទុយោ និងទីតាំងប្រើប្រាស់ជាក់ស្តែងរបស់អតិថិជនមួយចំនួន គុណភាពទឹកស្អាតមានការធ្លាក់ចុះ មានសភាពខុសពីធម្មតា មិនអនុលោមតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ ដោយមានកម្រិតកករល្អក់ និងមានឡើងពណ៌...។ល។ ដែល បណ្តាលមកពីភ្នាក់ងាររដ្ឋាករទឹកបាត់ដំបង បានចាប់ផ្តើមអនុវត្តការងារលាងសម្អាតតាមចុងបំពង់ទុយោ និងតាមអាងស្តុក នៃប្រព័ន្ធផលិតកម្ម ដែលបានពិនិត្យ ឃើញថា មានកម្រិតល្អក់កករដែលបណ្តាលមកពីការលាងសម្អាតមិនទាន់បានស្អាតល្អ ក្រោយការជួសជុល ថែទាំ បំពង់ទឹកស្អាតនៅតាមទីតាំងអនុវត្តគម្រោងសាងសង់ និងដំឡើងប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង ដូចជានៅសង្កាត់រតនៈ, សង្កាត់ស្វាយប៉ោ និងផ្នែកខ្លះ នៃសង្កាត់ស្លាកែត នៃក្រុងបាត់ដំបង ក្នុងពេលកន្លងមក ។
ក្នុងអំឡុងពេល នៃការលាងសម្អាតនេះ បានធ្វើឲ្យគុណភាពទឹកនៅទីតាំងប្រើប្រាស់ទឹកស្អាតទាំងនោះ មានការប្រែប្រួលគុណភាពខុសពីធម្មតា។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមទីតាំងខ្លះៗ ខាងលើ រដ្ឋាករទឹកបាត់ដំបង បានចាត់តាំងបុគ្គលិកចុះធ្វើការត្រួតពិនិត្យគុណភាពទឹក និងបើកទឹកនៅចុងបំពង់ និងតាមលំនៅដ្ឋានខ្លះចោលមួយរយៈពេលខ្លី ក្នុងការខិតខំធ្វើយ៉ាងណា ដើម្បីឲ្យគុណភាពទឹកស្អាតនៅទីតាំងនោះ បានវិលត្រលប់មករកភាពល្អប្រសើរឡើងវិញ។
សេចក្តីដូចបានគោរពបញ្ជាក់ជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ការដ្ឋាន អ្នកអនុវត្ត គម្រោង ជាអតិថិជនទាំងអស់ សូមជ្រាបជាព័ត៌មាន និងសូមមេត្តាយោគយល់ និងសូមមេត្តាសហការផ្តល់ព័ត៌មាន ដល់រដ្ឋាករទឹកបាត់ដំបង ឬបើកទឹកមិនល្អបង្ហូរចោលខ្លះក្នុងរយៈពេលដ៏ខ្លី ក្នុងករណីបើពិនិត្យឃើញថា គុណភាពទឹកស្អាត ជួបភាពកករល្អក់ដូចខាងលើ ដោយក្តីអនុគ្រោះ។