(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់និស្សិតទាំងអស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសូមចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន, ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ជាព័ត៌មានដែលចរិតបំផ្លាញ ញុះញង់។ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ព័ត៌មានក្លែងក្លាយដែលធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ស្ថិរភាព និងសន្តិភាព ហើយវាយប្រហារមកលើថ្នាក់ដឹកនាំជាតិ ត្រូវបានកាត់សម្គាល់នៅឆ្នាំ២០២៤កន្លងទៅនេះ មានចំនួន ៣,៦២១ ព័ត៌មានក្លែងក្លាយ បើបៀបធៀបទៅឆ្នាំ២០២៣ មានចំនួន ៣,២០០ ព័ត៌មានក្លែងក្លាយ គឺមានការកើនឡើងយ៉ាងច្រើន។ការថ្លែងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសកម្មវិធីចែករំលែក បទពិសោធន៍លើប្រធានបទ «ការចែករំលែកចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ ជាង ១ ៨០០នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយគឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហឹង្សា ភាពស្អប់ខ្ពើមគ្នា ការរើសអើងជាតិសាសន៍ និងធ្វើឱ្យមានចលាចលសង្គមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។លោករដ្ឋមន្ត្រី បានរម្លឹកឡើងវិញថា កាលពីអតីតកាល ព័ត៌មានពិតមានច្រើនប្រព័ន្ធផ្សព្វផ្សាយផ្តល់ព័ត៌មានត្រឹមត្រូវ តែពេលបច្ចុប្បន្នមធ្យោបាយនៃការផ្សព្វផ្សាយគឺមានភាពចម្រុះ ហើយមានភាពងាយស្រួលក្នុងការបង្កើតព័ត៌មានដែលមានចំនួនច្រើន តែមិនប្រាកដថាព័ត៌មានទាំងអស់នោះពិតទាំងស្រុងនោះទេ មានព័ត៌មានក្លែងក្លាយខ្លះដែលចាំបាច់សម្រាប់អ្នកដែលប្រើប្រាស់យកចិត្តទុកដាក់ និងចេះកំណត់ថាតើប្រភពព័ត៌មាននោះពិតប្រាកដ ត្រឹមត្រូវដែរឬទេ?។បច្ចុប្បន្ននេះ បញ្ហាប្រឈមរបស់យើងមួយទៀត គឺ AI បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេបានបង្កើតដើម្បីជួយមនុស្សនោះទេ ប៉ុន្តែមានអ្នកខ្លះយកទៅប្រើដើម្បីបំផ្លាញមនុស្ស (វិទ្យាសាស្រ្ត មានមុខពីរ ល្អផង អាក្រក់ផង) វិទ្យាសាស្រ្តដែលប្រើប្រាស់គ្មានសីលធម៌ ជាវិទ្យាសាស្រ្តដែលបំផ្លាញមនុស្ស, វិទ្យាសាស្ត្រដែលមានសីលធម៌ គឺជាវិទ្យាសាស្រ្តដែលជួយមនុស្ស។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែដឹង និងមើលឃើញនូវបញ្ហាប្រឈមនៃការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ហើយក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងអនុវត្តន៍នូវវិធានការ ដោយធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប ដើម្បីធ្វើយ៉ាងណាគ្រប់គ្រង និងរត់តាមអោយទាន់ការវិវឌ្ឍបច្ចេកវិទ្យា។ជាមួយនេះ ក៏ពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស បណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន រួមទាំងសន្តិសុខព័ត៌មាន ការបង្កើតភាពបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធិភាព។បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ដែរនោះក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ