បាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហែម វណ្ណឌី បានថ្លែងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួម ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ។ថ្លែងនៅក្នុងពេល ដែលគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលDigital ដោយមានការចូលរួមពី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាង៣,០០០នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។លោក ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ ហើយការចុះឈ្មោះក្នុងថ្នាល Digital នេះ អនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសនៅក្នុងអំឡុងពេលមានវិបត្តិកើតឡើង ។លោក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ បានបន្ថែមថា ការចុះឈ្មោះ នឹងបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗពីក្រសួង ស្ថាប័ន ក្នុងការអភិវឌ្ឍន៍បណ្តុះបណ្តាលជំនាញបន្ថែម ការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម ។លោក ហែម វណ្ណឌី បានស្នើឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានទូលំទូលាយដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ។អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានចាត់ទុកថា ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាល Digital សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺជាយន្តការ ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល ស្របពេលខេត្តបាត់ដំបង បានខិតខំក្នុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្ត ខិតខំអភិវឌ្ឍលើផ្នែកពាក់ព័ន្ធ ដើម្បីជួយបង្កើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ក្នុងនោះលោក អភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមចុះឈ្មោះ ក្នុងថ្នាល Digital អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ