ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយបណ្ឌិត សុខ ទូច
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ បន្ទាប់ពីករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ។
យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី រួមមាន៖
ទី១៖ លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ទី២៖ អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិស័យនគរបាលជាតិកម្ពុជា»៕