ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី ហ៊ុន ម៉ាណែតលើកឡើងថា សៀវភៅដែលបោះពុម្ភថ្មីនេះ គឺជាសៀវភៅបំពេញបន្ថែម របស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា សម្រាប់បឋមសិក្សា ដែលមាន៣ច្បាប់ ក្នុងនោះនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ តាមដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលបានកកើត ។ក្នុងចំណោមសៀវភៅទាំង៣ក្បាល ត្រូវបានសម្តេចធិបតី មើលឃើញថា សៀវភៅមួយក្បាលដែលមានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់ វិបុលភាព” ដែលមានភាពចម្រូងចម្រាស់ខ្លាំងជាងគេ ដែលទាមទារឱ្យសម្តេចត្រូវតែ ចេញមកបកស្រាយ ។សម្តេចធិបតី បានពន្យល់ថា សៀវភៅខាងលើនេះ មិនមែនចេញមកជំនួសសៀវភៅ ប្រវត្តិសាស្ត្រចាស់នោះទេ និងមិនមានការកែប្រែអ្វីឡើយ ប៉ុន្តែបំពេញបន្ថែម នូវរូបភាពជាច្រើន ដើម្បីឱ្យសិក្សានុសិស្សសិក្សាងាយយល់តែប៉ុណ្ណោះ ។ហើយត្រូវបានចាត់ទុកថាជាការ ធ្វើទំនើបកម្ម នៃរបៀបបង្រៀន។ក្នុងនោះសម្តេចធិបតី បានកត់សម្គាល់ឃើញថា “ប៉ុន្តែបញ្ហាចោទមួយ ដែលធ្វើឱ្យមនុស្សយល់ច្រឡំ និងការបកស្រាយនោះ ហើយសារថ្ងៃនេះ មិនមែនសម្រាប់តែតេគុណទេ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមើលតាមនេះ ឱ្យយល់ខុសអំពីសៀវភៅ មូលហេតុបានជាខ្ញុំ លើកនៅទីនេះ ហើយវាមិនខុសពីរឿងលូ៤០ដុល្លារមួយកង់ ឬមួយអីនោះទេ ។ ភាគច្រើនគឺយើងតាមគ្នា ហើយនិស្សិតបញ្ញវន្ត ទាំងសាស្ត្រាចារ្យ មូលហេតុដែលយើងរៀនមានចំណេះប៉ុននេះ គឺដើម្បីឯករាជ្យក្នុងការពិចារណា គិតគូរបស់ខ្លួន មុននឹងធ្វើការសម្រេចចិត្ត កុំជឿតែឭតែគេនិយាយ សូមស្រាវជ្រាវឱ្យបានច្បាស់លាស់ ទើបយើងធ្វើការសម្រេចចិត្តត្រូវ ហើយមូលហេតុដែលយើងត្រូវរៀនឱ្យកាន់តែខ្ពស់ ដើម្បីឯករាជ្យក្នុងការគិតគូរបស់យើង” ។បន្ថែមលើនេះសម្តេចធិបតី គូសបញ្ជាក់ថា រឿងជាតិនិយម ការស្រលាញ់ជាតិ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ ត្រូវតែមានគ្រប់គ្នាទាំងអស់ ខណៈដែលអ្នកបារម្ភ លើបណ្តាញសង្គមភាគច្រើន មិនទាន់បានបើកមើល សិក្សាពីសៀវភៅនេះនៅឡើយនោះទេ ដោយគ្រាន់តែវាយតម្លៃ តាមគម្របមុខនៃសៀវភៅ។សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចឹងរឿងនេះ វាមានរឿង២ រឿងនេះវារសើបរឿង២ ទី១រឿងប្រវត្តិសាស្ត្រខ្លឹមសារក្នុងនេះ ទី២ រឿងគម្រប ឱ្យតែមានរូបវិមានឈ្នះឈ្នះ គឺនាំគ្នាគិតថា អាហ្នឹងជាស្តូបវៀតណាម ហេតុនេះហើយបានជាគេនាំថា យកសៀវភៅនេះ ដើម្បីទៅដឹងគុណវៀតណាម ព្រោះគ្រាន់តែគម្របហ្នឹង ក៏ដាក់ស្តូបរបស់វៀតណាមហើយ” ។បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំទៅលើបញ្ហា ការចេញសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមថ្មីនេះ មិនមែនជារឿងតូចឡើយ ដែលអាចនាំឱ្យខ្មែរនិងខ្មែរឈ្លោះគ្នាឯង ។សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា “អ្នកដែលចោទថាយើង សរសេរសៀវភៅនេះ ដើម្បីដឹងគុណវៀតណាម គឺអត់មានទេ ក្នុងសៀវភៅនេះ មិនមាននិយាយច្រើនពីវៀតណាម ក្រៅពីទំព័រ៤១ មួយបន្ទាត់ ទំព័រ៤២ តែមួយបន្ទាត់ទេ និយាយអំពីរណៈសេសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីវៃរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បូកជាមួយនិងការពារ ការស្តារឡើងវិញក្រោយពីនោះ ជាតឋភាពជាស្តែង ហើយក្រៅពីនេះ និយាយពីខ្មែរទាំងអស់ ស្នាដៃរបស់បុព្វបុរសខ្មែរ ជំនាន់សម្តេចតា ក្រោយមកខ្មែររួមគ្នារកសន្តិភាព បូកជាមួយនិងទិដ្ឋភាពឈឺចាប់មួយចំនួន ដែលយើងឆ្លងកាត់ កុំឱ្យឆ្លងកាត់ឡើងវិញ និយាយអំពីខ្មែរទាំងអស់ “៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ