ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក
Mon,17 February 2025 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម ជីមី ផេនីតា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែងនៃប្រទេសទំាងពីរបានឈានដល់ខួប ៧៥ឆ្នាំ។

ឯកឧត្តម ជីមី ផេនីតា និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភាបានទទួលជួបពិភាក្សាជាមួយឯកឧត្តមនិងគណៈប្រតិភូក្នុងឱកាសនេះ។

ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលមួយចំនួននៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ នៅក្នុងនោះគណៈប្រតិភូបានធ្វើទស្សនកិច្ចនៅតំបន់វប្បធម៌កម្ពុជាក្នុងខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម ជាពិសេសបានចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកបដោយផ្លែផ្កា។

ឯកឧត្តមបានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម។

តាងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក្នុងឱកាសនេះ។ កាលពីឆ្នាំ២០២៤ មានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហរដ្ឋអាមេរិកមកកម្ពុជាចំនួន៩ក្រុម មកពីគ្រប់វិស័យ។

សម្តេចបានវាយតម្លៃខ្ពស់លើការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការជួបសន្ទនាជាមួយគ្នាដោយផ្ទាល់ ថាជាប្រការដ៏ល្អបំផុតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពីព្រោះការជួបគ្នាដោយផ្ទាល់ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីសភាពការណ៍ពិត ហើយមានការជឿជាក់និងយោគយល់គ្នាកាន់តែច្រើនឡើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណជា១៥០មុខដែលកម្ពុជាបានបាត់កាលពីសម័យសង្រ្គាមមកវិញ។ ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកនិងបញ្ជួនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិនទៅកាន់មាតុប្រទេសវិញ។

សម្តេចប្រធានរដ្ឋសភា បានអរគុណសហរដ្ឋអាមេរិកដែលបានជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមកនិងមានជំនឿយ៉ាងមុតមាំថា អាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ នៅក្នុងនោះមាន ទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ជាដើម។

សម្តេចមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ នៅក្នុងជំនួបពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាលនិងបើកចំហរនេះ ក៏មានការចែករំលែក ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីតួនាទីដ៏សំខាន់របស់សភា ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានកើតចេញពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣។ ជាការបោះឆ្នោតមួយមានលក្ខណៈប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋម្ចាស់ឆ្នោតជាង៨៤%ចេញទៅបោះឆ្នោត ហើយក្នុងចំណោមអ្នកបោះឆ្នោតចំនួន៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅរដ្ឋសភាបច្ចុប្បន្នមានគណបក្សចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភា។ រដ្ឋសភាកម្ពុជា ជាសភាមួយដែលមានយន្តការច្បាស់លាស់ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយមានគណៈកម្មការជំនាញមួយ ទទួលបន្ទុកវិស័យសិទ្ធិមនុស្សនេះតែម្តង គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ច។ នៅរដ្ឋសភាប្រទេសជាច្រើនបញ្ហាសិទ្ធិមនុស្ស គឺជាមួយផ្នែកមួយ របស់គណៈកម្មការកិច្ចការបរទេស ប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ