បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋជាទូទៅត្រូវគ្រប់គ្រងសំណល់សំរាមរបស់ខ្លួន ដោយធ្វើការញែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិឋានស្អាត បរិស្ថានបៃតង ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ថ្លែងសារអំពាវនាវនេះនៅក្នុងទិវាអនាម័យបរិស្ថាន ជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ដែលបានធ្វើឡើងនៅក្នុងបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើនទៀត ។នៅចំពោះមុខថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានា រដ្ឋបាលក្រុង និងសង្កាត់ទាំង១០ នៃក្រុងបាត់ដំបង លោក សុខ លូ បានជំរុញ និងណែនាំបន្ថែមឱ្យចុះធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការចោលសំរាមពាសវាលពាសកាល របស់ប្រជាពលរដ្ឋមួយចំនួនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសមត្ថកិច្ចរបស់ខ្លួនឱ្យបានយល់ដឹងកាន់តែច្បាស់ក្នុងការគ្រប់គ្រងសំណល់រឹង និងការញែកសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសថង់ប្លាស្ទិកកុំឱ្យហើរតាមខ្យល់ ព្រោះបញ្ហានេះបានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យបរិស្ថាន និងវិស័យទេសចរណ៍របស់ជាតិយើង ដែលវិស័យនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ចាត់ទុកជាមាសបៃតង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ រួមជាមួយវិស័យសំខាន់ៗជាច្រើនទៀត ។ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះនឹងក្លាយជាកម្លាំងចលករមួយក្នុងការជំរុញឱ្យមានការចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដោយចេញពីបុគ្គលម្នាក់ៗ ហើយប្រែក្លាយជាចលនាបំផុសសកម្មភាព និងការផ្លាស់ប្តូរទម្លាប់ចាស់មិនល្អ ចូលរួមធ្វើអនាម័យសម្អាតលំនៅឋាន ទីសាធារណៈ គ្រឹះស្ថាន វត្តអារាម រដ្ឋបាលឃុំ សង្កាត់ជាដើម ចេះស្រលាញ់ និងទទួលខុសត្រូវ មិនបន្តការបោះចោលសំរាមនៅទីសាធារណៈ ទីប្រជុំជន តាមដងផ្លូវ ក្នុងទឹកស្ទឹង អូរ ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក ការបំពុលបរិយាកាស ក្លិនមិនល្អ និងសោភ័ណភាពបរិស្ថាននៅក្នុងខេត្ត ហើយជះឥទ្ធិពលដល់សុខុមាលភាព ការរស់នៅ និង សេចក្តីថ្លៃថ្នូររបស់យើង ហើយត្រូវស្រលាញ់ភាពបៃតង ដោយការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព និងជាទីមនោរម្យសម្រាប់ការរស់នៅ ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត កាន់តែច្រើនឡើងថែមទៀត ។ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន បានបញ្ជាក់ដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបំផុសចលនាឱ្យសាធារណៈជន មន្ទីរ អង្គភាព វិស័យឯកជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថាន សម្អាតលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្ម ដើម្បីរួមចំណែកកែលម្អសោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត និងមានភាពបៃតង សំដៅកែប្រែផ្នត់គំនិតរបស់សាធារណជន អ្នកពាក់ព័ន្ធនានា គ្រប់ស្រទាប់វណ្ណៈ ឱ្យចេះគ្រប់គ្រងសំណល់សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានកាន់តែច្រើនឡើង ក្រៅពីនេះរាល់សកម្មភាពទិវាអនាម័យបរិស្ថានជាតិនេះដែរ ក៏បានជំរុញដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរបស់ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង ដែលក្រសួងបរិស្ថាន បាន ប្រតិភូកម្មឱ្យថ្នាក់ក្រោមជាតិ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងលក្ខណៈសម្បត្តិទី៦ បានចែងថា មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកែទម្រង់ការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្ត រួមមាន ការកាត់បន្ថយការបំពុលបរិស្ថាន ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយ និងការប្រែប្រួល អាកាសធាតុ ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុ ប្រកបដោយចីរភាពនិងការលើកកម្ពស់ការទូតបៃតង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ