ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីមហាផ្ទៃ បង្ហើបពីការសិក្សាត្រៀមកែ សម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ
Thu,23 January 2025 (Time 01:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តព្រៃវែង៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។

ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីឯកឧត្តម ក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងរយៈកាលប្រមាណ ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធនៃការអនុវត្តជាច្រើនមកនេះ ស្ថានភាពសង្គម កាន់តែមានការរីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែលទាមទារឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាមសេចក្ដីណែនាំលេខ០០៤ ចុះហត្ថលេខាដោយសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ន ក្នុងចំណោមលក្ខខណ្ឌមួយចំនួន បេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានអាយុយ៉ាងតិច ២៥ឆ្នាំ ចេះអាន និងសរសេរអក្សរខ្មែរ។ ថ្នាក់ដឹកនាំភូមិទាំង ៣រូបនេះ មិនមានអាណត្តិ ដូចក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ។ ជាទូទៅ កម្រមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ ទទួលមរណភាព ឬមានកំហុសផ្ទុយនឹងសេចក្ដីណែនាំលេខ០០៤៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ