ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ
Wed,15 January 2025 (Time 09:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តពោធិ៍សាត់៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ផ្សព្វផ្សាយពីសមិទ្ធផលដែលអាជ្ញាធរសម្រេចបាន ដើម្បីពង្រឹងការយល់ដឹងដល់ពលរដ្ឋ និងទប់ស្កាត់ការបំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមជ្រុលនិយម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។

ការជំរុញបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ នាទីស្នាក់ការទូរទស្សន៍ជាតិកម្ពុជា ខេត្តពោធិ៍សាត់។

បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ណែនាំដល់អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការងារគ្រប់គ្រងការងារសតិអារម្មណ៍មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានចំពោះការផ្សព្វផ្សាយពីសភាពការណ៍ជាតិ-អន្តរជាតិ ជូនដល់ដៃប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ពីដំណើរការវិវត្តន៍នានានៅក្នុងសង្គមកម្ពុជា។ នៅក្នុងដំណើរការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន កាន់តែស្រួចស្រាវលើបញ្ហាសតិអារម្មណ៍ ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានជម្រើសច្រើនក្នុងទទួលបានព័ត៌មាន ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផលិតព័ត៌មាន ដែលគ្មានខ្លឹមសារ គ្មានការទាក់ទាញ ផលិតព័ត៌មានដែលមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ ចំណង់ចំណូលចិត្ត ឬផ្តល់ចំណេះដឹងនោះពួកគាត់នឹងងាកទៅប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងទៀតដើម្បីទទួលបានព័ត៌មានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញសង្គម Facebook និង TikTok គឺជាមូលដ្ឋានដ៏ធំនៃប្រភពព័ត៌មានដ៏សម្បូរបែបរបស់ប្រជាពលរដ្ឋ។ គ្រាន់តែគណនី Facebook នៅកម្ពុជា គឺមានចំនួន ១៥លានគណនី ហើយ TikTok គឺមានជាង១០លានគណនី ដូច្នេះ នៅក្នុង១ថ្ងៃៗ មានខ្លឹមសាររាប់លានខ្លឹមសារ ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះវាក៏ជាឱកាសរបស់ក្រុមជនទុច្ចរិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះ ដើម្បីបំភ្លៃ បំភ្លើស បំភ័ន្ត បំប៉ោងទៅលើសាធារណមតិឱ្យយល់ច្រឡំ ឬបង្កើតការសង្ស័យ ហើយការឱ្យមានការសង្ស័យ ឬមន្ទិលលើរាជរដ្ឋាភិបាល គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងដែលតែងតែប្រើប្រាស់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការងារព័ត៌មាន ឬសមរភូមិសតិអារម្មណ៍ គឺជាសមរភូមិអំណាចមួយយ៉ាងសំខាន់ បច្ចុប្បន្ននេះមន្ត្រីព័ត៌មាន និងសាធារណមតិបានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែក្រុមប្រឆាំងរដ្ឋាភិបាលបានព្យាបាលបង្កើតនូវព័ត៌មានប្រឌិត ក្លែងក្លាយដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្តមកលើរដ្ឋាភិបាល។ ដូច្នេះ ក្នុងនាមជាមន្ត្រីព័ត៌មាន ក្រុមការងារសាធារណមតិ ត្រូវតែបង្កើនការយកចិត្តទុលដាក់ចំពោះករណីនេះ ជាពិសេសត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលទទួលបានសំលេងគាំទ្រតាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋឱ្យកាន់តែសកម្មបន្ថែមទៀត តាមរយៈព័ត៌មានពិត និងមានខ្លឹមសារគ្រប់គ្រាន់។

បើតាមឯកឧត្តម ខូយ រីដា បានលើកឡើងថា តាមរយៈការដឹកនាំក្រសួងព័ត៌មានរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា គឺបានផ្តល់ភាពកក់ក្តៅដល់រដ្ឋាភិបាលខេត្តពោធិ៍សាត់ ក្នុងការទប់ស្កាត់ ឆ្លើយតបបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងមួយក្តាប់តូច ដែលមានមហិច្ឆតាញុះញង់ ដល់ប្រជាពលរដ្ឋនៅតាមូលដ្ឋាន ក្នុងចេតនាបំផ្លាញគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា សម្រាប់ព័ត៌មានក្លែងក្លាយ ដែលប្រឌិតឡើងដោយក្រុមប្រឆាំងគឺមិនមែនបំផ្លាញលើបុគ្គល ឬនរណាម្នាក់នោះទេ ប៉ុន្តែ វានឹងបំផ្លាញដល់គោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ខណៈដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែទទួលបានផលប្រយោជន៍ឥតគណនាក្រោមដំបូលសុខសន្តិភាព និងដំណើរអភិវឌ្ឍន៍ទៅមុខជាលំដាប់នាពេលនេះ។

«ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ភាពកក់ក្តៅ និងកាន់តែមានទំនុកចិត្តដល់អាជ្ញាធរខេត្ត ដែលកំពុងអនុវត្តន៍តួនាទីភារកិច្ចយ៉ាងសកម្មនៅតាមមូលដ្ឋាន […] វិស័យសារព័ត៌មាន គឺមានសារៈសំខាន់បំផុតបើទោះបីអាជ្ញាធរខំធ្វើយ៉ាងណាក៏ដោយ បើគ្មានការផ្សព្វផ្សាយឱ្យទូលំទូលាយក្នុងបណ្តាញសង្គមទេ ការខិតខំប្រឹងប្រែងនេះក៏មិនឆ្លើយតបទៅនឹងអ្វីដែលអាជ្ញាធរបានធ្វើនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ខូយ រីដា។

លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានឱ្យដឹងថា ៦ខែចុងឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតាក់តែងនិពន្ធចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ពតអប់រំខ្លីៗដើម្បីផ្សព្វផ្សាយ តាមបណ្ដាញវិទ្យុជាតិ FM98.50Mhz ទូរទស្សន៍ជាតិខេត្តពោធិ៍សាត់ ទូរទស្សន៍ខ្សែកាប្លឯកជននៅក្នុងខេត្តពោធិ៍សាត់ និងបានបញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា(ទទក) និងឯកជននៅរាជធានីភ្នំពេញ ឲ្យជួយផ្សព្វផ្សាយផងដែរ។

ទន្ទឹមនឹងនេះមន្ទីរព័ត៌មានខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយបន្តពីវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ជាប្រចាំតាមរយៈវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែរកាម្លិះនៅក្នុងខេត្ត ក្នុងបណ្តាញសង្គមនានាមានជាអាទិ៍ សង្គមហ្វេសប៊ុកផេកមន្ទីរ និងការិយាល័យចំណុះនីមួយៗ យូធូប តេលេក្រាម អ៉ីនស្តាក្រាម តិកតុក គេហទំព័រ បណ្តាញសង្គម X (Twitter) នូវរាល់ព្រឹត្តិការណ៍ និងព័ត៌មាន សំខាន់ៗ ស្ដីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មាន ប្លែកៗទាន់ហេតុការណ៍ និងព្រឹត្តិការណ៍ដែលកើតមានក្នុង ភូមិសាស្ត្រខេត្ត មកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជាប្រចាំគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ