បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក ឆាយ ម៉ាទីណាល់ បានបង្ហាញដោយសុទិដ្ឋិនិយមថា តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (ហូកា) ខេត្តបាត់ដំបង នឹងក្លាយទៅជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កំពុងត្រូវបានធ្វើការបណ្តុះបណ្តាលយ៉ាងសម្បូរបែបប្រកបដោយគុណភាពខ្ពស់ ។ការថ្លែងនេះនៅក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយនិងពិគ្រោះយោបល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (ហូកា) ដល់ភាគីពាក់ព័ន្ធ អមដោយពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមលើជំនាញគេហកិច្ច ការិយាល័យជួរមុខ ម្ហូបអាហារ និងភេសជ្ជៈ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រតិបត្តិករទេសចរណ៍ជាច្រើនទៀត ។លោក ឆាយ ម៉ាទីណាល់ បានចាត់ទុកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៅខេត្តបាត់ដំបង នាពេលនេះគឺជាយន្តការអនុវត្តសំដៅធានាប្រសិទ្ធភាព ក្រោយពេលបណ្តុះបណ្តាលចប់សិក្ខាកាមទទួលបាននូវសមត្ថភាព ចំណេះជំនាញពិតប្រាកដ ។លោក បានបញ្ជាក់ទៀតថាតាមផែនការបណ្តុះបណ្តាលដំណាក់កាលទី៣ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ នឹងចូលរួមឆ្លើយតបទៅនឹងបំណងប្រាថ្នាចំនួន៣របស់រដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋ គឺ ទី១.បាត់ដំបងគឺជាខេត្តទេសចរណ៍ ដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញ ព្រមជាមួយភាពសម្បូរបែបនៃប្រពៃណីទំនៀមទម្លាប់របស់អ្នកខេត្តបាត់ដំបង ។ ទី២.ធានាឱ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គម ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ទីក្រុងដែលមានស្ទឹងសង្កែ តំបន់ព្រែកទាល់ តំបន់ភ្នំបាណន់ តំបន់ភ្នំសំពៅ និងតំបន់ទាក់ទាញមួយចំនួនទៀត ដែលជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង ការកាត់បន្ថយភាពក្រីក្រ ។ ទី៣.ខេត្តបាត់ដំបង ត្រូវតែជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់ និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច ដែលផ្តោតសំខាន់លើជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ជំនាញចុងភៅ និងជំនាញឆុងកាហ្វេ ។ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តបាត់ដំបង បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់អាទិភាពដល់ការចូលរួមអនុវត្តជាក់ស្តែងនូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសកម្មភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលអនុវត្តន៍ដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីស ខន់ថាក់ ដោយមានការចង្អុលបង្ហាញពីគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ។លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា គោលដៅសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ជំនាញជំនាញវិជ្ជាជីវៈទេសចរណ៍នៅខេត្តបាត់ដំបង ការបង្កើតឱកាសការងារដល់យុវជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាពិសេសគាំទ្រដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ក្នុងខេត្តបាត់ដំបង ដោយត្រូវពង្រឹងគុណភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍អាទិភាព ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ទាំងការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ ការកម្សាន្ត និងការទិញទំនិញការបណ្តុះបណ្តាលមូលធនមនុស្សក្នុង ឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ការពង្រឹង និងពង្រីកកិត្តិនាមខេត្តបាត់ដំបង ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាគោលដៅ ទេសចរណ៍បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ដោយផ្តើមចេញពីការរៀបចំ «សង្កាត់គំរូ» នៅក្នុងទីក្រុងបាត់ដំបង ការពង្រឹងបដិសណ្ឋារកិច្ចប្រកបដោយគុណភាព និងភាពកក់ក្តៅប្រកបដោយស្នាមញញឹម ជូនភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់នៅច្រកទ្វារព្រំដែនអន្តរជាតិក្នុងខេត្តបាត់ដំបង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តបាត់ដំបង ដែលជាគោលដៅទេសចរណ៍ដ៏ចម្បងនៅភូមិភាគពាយ័ព្យរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា “បាត់ដំបង ជាប៉ូលទេសចរណ៍ពហុបំណង” ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ