ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងចំណោមយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំអនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជននៃបណ្តាប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចំរើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែគិតគូពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំនាពេលអនាគត។ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ គឺជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។លោកស្រីបន្តថា គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្តុះបណ្តាលគំនិតសហប្រតិបត្តិការអន្តរជាតិ។កម្មវិធីនេះ ធ្វើឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា នឹងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។គួររំឭកថា SSEAYP កើតចេញពីសេចក្តីថ្លែងការណ៍រួមនៅខែមករាឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ខណៈប្រទេសប្រ៊ុយណេ បានចូលរួមកម្មវិធីនេះនៅឆ្នាំ១៩៨៥។ ចំណែកវៀតណាមបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៦ ហើយមីយ៉ាន់ម៉ាបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៧ និងបន្ទាប់មកនៅឆ្នាំ១៩៩៨ គឺឡាវ។ ដោយឡែកកម្ពុជាបានទទួលឱ្យចូលរួមជាសមាជិកផ្លូវការនៃកម្មវិធីនេះចាប់តាំងពីឆ្នាំ២០០០ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ