ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំ២០២៥ គឺ២០៨ដុល្លារ ក្នុង១ខែ កើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤
Thu,19 September 2024 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាថ្មី របស់កម្មករសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតីបានបញ្ជាក់ថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។

សម្ដេចធិបតី គូសបញ្ជាក់ថា « ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ»។

សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ ទោះក្នុងកាលៈទេសៈលំបាក នៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។

សម្ដេចធិបតី បន្ថែមថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេច នាយករដ្ឋមន្ដ្រ ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្ដេច នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។

សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ