(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីមានចំនួន ៣ ៦៧៦គ្រឿង ទីតាំងបញ្ចូល ថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ខណៈដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូ។លោក ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនានាប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងសមាជិក សមាជិកាជាច្រើនរូបទៀត។លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះ បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីក៏ពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ជាមួយនិងការដាក់ចេញនូវគោលនយោបាយជាក់លាក់។លោក ប៉េង ពោធិ៍នា បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមុតមាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បាននិងកំពុងបន្តដឹកនាំការអភិវឌ្ឍប្រទេសឆ្ពោះទៅរកវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ និងការបង្កើតសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការចាប់យកនវានុវត្តន៍និងបច្ចេកវិទ្យា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព និងពិពិធ- កម្មសេដ្ឋកិច្ច។លោករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រនេះវិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។លោក ប៉េង ពោធិ៍នា ក៏បានធ្វើការកត់សម្គាល់ផងដែរថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ក្រសួងសាធារណការក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ននិងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់ នៅឆ្នាំ២០៥០។លោក ប៉េង ពោធិ៍នា បានអះអាងដែរថា បានការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ គឺស្របទៅនឹងនិន្នាការតំបន់ និងសកលនៃការវិវត្តយ៉ាងឆាប់រហ័សលើវិស័យយានយន្តអគ្គិសនី។ គោលនយោបាយជាតិនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្មក្នុងការកសាងភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ