ក្រសួងការងារជូនដំណឹងស្ដីពីការឈប់សម្រាកេបស់កម្មករនិយោជិត ដោយមានប្រាក់ឈ្នួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល៣ថ្ងៃ គឺថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៤។
ក្រសួងបានបញ្ជាក់ទៀតថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬ មានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។
ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេល តែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយ ផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងតំណាងកម្មករនិយោជិត អាចពិភាក្សានិងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិត ទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយ ផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖