ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះផងដែរ។ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១០៤ករណី កើនចំនួន ១៧ករណី ស្នើនឹង ១៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៣៤នាក់ បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះ បានចំនួន ២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះ ចំនួន ២២ករណី កើនឡើង ១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ៨២ករណី កើន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០០នាក់។ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងដែរថា ឆ្លងតាមបទពិសោធនៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះគឺមានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះ ដើម្បីគេចចេញពីសំណាញ់ច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ