ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខលោកមេបញ្ជាការរង អាវុធហត្ថខណ្ឌមានជ័យ ដែលបានគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច!
(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការរង អាវុធហត្ថខណ្ឌមានជ័យ ដែលបានគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសសួរសុខទុក្ខនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយ និងថវិការបស់លោកមេបញ្ជាការ រួមជាមួយថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌមានជ័យ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះចំនួន ០៨កេស, មី០២កេស ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕