ខេត្តបាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងទៅកាន់អាជ្ញាធរ និងប្រជាពលដ្ឋ ក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណត់ក្នុងមុំនៃយុទ្ធសាស្រ្តបញ្ចកោណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃការផ្ដល់សេវាពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកាថែទាំសុខភាព។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយសារការមើលឃើញពីសារៈសំខាន់នៃសុខភាពសាធារណៈ ជាពិសេសុខុមាលភាពរបស់ប្រជាជននេះហើយ ទើបនៅកម្ពុជាមានបណ្ដាអង្គការ និងសមាគមជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តួយ៉ាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ឬគ្រូពេទ្យ TYDA ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់ ក៏មានក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន កំពុងចូលរួមពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុកសង្កែដោយឥតគិតថ្លៃ។ គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន បានបំពេញបេសកកម្មនៅកម្ពុជារយៈកាល២០ឆ្នាំ ដោយចាប់ផ្តើមដំបូងក្រោមការជួយជ្រោមជ្រែងពីសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្រាប់បេសកកម្មនៅស្រុកសង្កែនេះ មានការសម្របសម្រួលពីលោកបណ្ឌិត ឈឹម ផាន់ណា ការចូលរួមពីគ្រូពេទ្យចំណានៗ មកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យក្នុងស្រុកមួយចំនួនទៀត ដោយប្រើវិធីសាស្រ្តពិនិត្យនិងព្យាបាលជំងឺទូទៅមួយចំនួនតាមវិធីសម័យ និងបុរាណ។ ក្នុងឱកាសនោះដែរ ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ដែលបានសម្របសម្រួល ដោយមានការគាំទ្រពីក្រុមការងារសហភាពសហព័ន្ធយុវជន ស.ស.យ.ក និងក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ធ្វើឱ្យក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន មានលទ្ធភាពងាយស្រួលក្នុងការផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងក្រុមការងារលោកបណ្ឌិត ឈឹម ផាន់ណា ដែលមិនត្រឹមតែផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អំណោយអង្ករជូនពលរដ្ឋទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ