សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណាមួយ ដែលកូនខ្មែរ អាចបំភ្លេចនូវព្រលឹងដូនតា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា កំពុងធ្វើការស្រាវជ្រាវ ជាបន្ដបន្ទាប់រកសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ពីព្រោះគ្មានវិនាទីណាមួយ ដែលកូនខ្មែរអាចបំភ្លេច នូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនបានឡើយ។
នាឱកាសអញ្ជើញ ជាអធិបតីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូន ព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្ដិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បច្ចុប្បន្នកម្ពុជា កំពុងធ្វើការស្រាវជ្រាវជាបន្ដ ពីព្រោះគ្មានវិនាទីណាមួយ ដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនបានឡើយ។ គិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ខែ កក្កដា ឆ្នាំ២០២៤, មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ (ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន»។
សម្ដេចធិបតី បន្ដថា ថ្ងៃនេះកម្ពុជា កំពុងប្រារព្ធពិធីទទួលស្វាគមន៍ នៃការវិលត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០ រូប (ក្នុងនោះ វត្ថុចំនួន ១៤ រូប បានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ៥៦ រូប ទៀត បានប្រគល់មកវិញពីអ្នកប្រមូល សមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក) ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏វិចិត្រ ដូចបានដាក់ តាំងបង្ហាញនៅទីនេះស្រាប់។
សម្តេចធិបតី បន្ថែមថា ការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណខ្មែរដ៏ច្រើននេះ គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង ជាប់មិនដាច់ របស់ក្រុមការងារ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោមកិច្ចសហការ និង ការជួយជ្រោមជ្រែងទាំងទិដ្ឋភាពច្បាប់ និង បច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសតាមរយៈរដ្ឋអាជ្ញា ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក និង ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែង ដឹកជញ្ជូន វត្ថុសិល្បៈខ្មែរ ចំនួន ៧៦រូប បន្ថែមទៀត មកពីចក្រភពអង់គ្លេស ដែលបានប្រគល់មកវិញពី គ្រួសារលោក Douglas Latchford អនុលោម តាមកិច្ចព្រមព្រៀង នាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក Douglas Latchford ដោយតម្រូវឱ្យប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ ដែលបានកាន់កាប់រក្សាទុក៕