ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ស្ដីពីបច្ចេកទេសយានយន្តអគ្គិសនី
Wed,21 August 2024 (Time 01:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ (HYUNDAI MOTOR)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ ផ្ដោតទៅលើជំនាញរថយន្តអគ្គិសនី រថយន្តអគ្គិសនីកូនកាត់ ថាមពលចំឡងកម្លាំង ការវិភាគកំហូច ប្រព័ន្ធទំនាក់ទំនងមុខងាររថយន្ត ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ ដោយមានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ មកពីគ្រឹះស្ថានរាជធានី/ខេត្តចំនួន ១១គ្រឹះស្ថាន និងមកពីក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រចំនួន ៦នាក់ និងមានវិស្វករសរុបមកពីសាធារណៈកូរ៉េចំនួន ១៨នាក់ដែលជាគ្រូឧទ្ទេសន៍ដែលមានសម្ភារៈបម្រើឱ្យការហ្វឹកហាត់ និងការបង្រៀនមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអង្គការ ភ្លែនអន្តរជាតិ និងក្រុមហ៊ុនហ៊ីយុនដាយ ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកកាន់តែខ្លាំងលើវិស័យឧស្សាហកម្ម ស្របតាមបញ្ចកោណទី២ មុំទី១ អាទិភាពទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានធ្វើអាទិភាពកម្មលើការជំរុញ និងការលើកកម្ពស់ការទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
គួររំឭកថា កិច្ចសហប្រតិបត្តិការរវាង NPIC និង HYUNDAI MOTOR បានបណ្តុះបណ្តាលគ្រូជំនាញរថយន្តចំនួន ៤លើក សរុបគ្រូចំនួន ២៤ នាក់។ ក្នុងនោះបានផ្តល់ឱកាសកម្មសិស្សាដល់សិស្ស-និស្សិត NPIC ចំនួន ៨លើក ដែលមានសិស្ស-និស្សិតសរុបចំនួន ៧៤៩នាក់ (ស្រី ០៦នាក់) នៅរោងចក្រដំឡើងរថយន្តខេត្តកោះកុង។
បន្ថែមលើនេះ សិស្ស-និស្សិត ៧០នាក់ ក្នុងឆ្នាំ២០២៤នេះ កំពុងធ្វើកម្មសិក្សា ហើយនឹងត្រូវបញ្ចប់កម្មសិក្សានៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខ។ អតីតសិស្ស-និស្សិត NPIC សរុបចំនួន ១៥នាក់ កំពុងបំពេញការងារនៅក្នុងក្រុមហ៊ុន HYUNDAI CAMKO MOTOR (នៅសាខាសែនសុខ ០៤នាក់ និងនៅសាខាព្រះមុន្នីវង្សចំនួន ១១នាក់)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ