ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ប្រកាសចាត់វិធានការម៉ឺងម៉ាត់ចំពោះបុគ្គល ឬក្រុមទាំងឡាយណាដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែង
Wed,14 August 2024 (Time 08:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

ការប្រកាសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន គ្រោងធ្វើកុបកម្មដោយខុសច្បាប់ នៅមុខព្រះបរមរាជរាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ កុបកម្មនេះ គ្រោងធ្វើឡើងក៏ព្រោះតែមានការបំភ្លៃថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាមាន ៤ខេត្ត ជាគម្រោងកាត់ដីឲ្យប្រទេសដទៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះនៅទីនេះ ថ្នាក់ដឹកនាំនៅខាងក្រោយទាំងអស់នេះ គឺសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ ខាងផ្នែកសន្តិសុខជាតិ យើងមិនត្រូវនៅស្ងៀម យើងមិនត្រូវអព្យាក្រឹត្យ យើងត្រូវតែគាំទ្រ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នូវរដ្ឋធម្មនុញ្ញ នូវសន្តិភាព និងសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជារបស់យើង»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា «នេះយើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំមិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឲ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ នេះត្រូវចាំឲ្យច្បាស់ អំពីជំហរប្តេជ្ញាចិត្ត ពីព្រោះកងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពាររដ្ឋដាច់ខាត គ្មាននរណាអាចមកបំផ្លេចបំផ្លាញបាន តាមបែបមិនប្រជាធិបតេយ្យបានទេ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកចូលរួមតាមការអំពាវនាវរបស់ក្រុមប្រឆាំង ឱ្យធ្វើការអប់រំកូនចៅ សមាជិកខ្លួន ឱ្យចាកចេញពីក្រុមឧទ្ទាមនេះ ដើម្បីគេចផុតពីសំណាញ់ច្បាប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអ្នកផ្តួចផ្តើមបង្កើតគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីរបស់ ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅក្នុងការអភិវឌ្ឍរួម ឬរកស៉ីចូលហ៊ុនគ្នានោះទេ គឺធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ។

តាមរយៈសារសំឡេងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីពន្យល់បន្ថែមពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ហើយនោះ បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុមដែលធ្វើកុបកម្មដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ