(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឲ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុងការរួមចំណែកគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា។លោកបានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណបើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមលើប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់ប្រជាជន។លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញនៅតាមរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា មានសីលធម៌ វិន័យ ស្មោះត្រង់ក្នុងវិជ្ជាជីវៈប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសគឺរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការពិនិត្យ និងអង្កេតកន្លែងកើតហេតុគ្រោះថ្នាក់ច្រើន សំដៅរកឱ្យឃើញមូលហេតុជាក់លាក់បង្កគ្រោះថ្នាក់ បន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។បន្ថែមលើសពីនេះ លោកអភិសន្តិបណ្ឌិត បន្តណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយទស្សនៈភាន់ច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម ហើយត្រូវបង្កើនភាពគំរូក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ បានកើតឡើង ចំនួន១,៥៣៤លើក មានការថយចុះចំនួន ១៤លើក ស្មើ ១ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ ប៉ុន្តែចំនួនជនរងគ្រោះមានកំណើនខ្ពស់ជាងឆមាសទី១ ឆ្នាំ២០២៣ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ កើនចំនួន ៣៧នាក់ ស្មើនឹង៥ភាគរយ និងអ្នករបួសចំនួន២,១១៦នាក់ កើនចំនួន៤៤នាក់ ស្មើនឹង២%។គ្រោះថ្នាក់ទាំងនេះ បានបង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣២% អ្នកបើកបររថយន្តធុនធ្ងន់ ១០% និងអ្នកបើកបរយានផ្សេងៗចំនួន ៨ភាគរយ។ កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ល្មើសការបត់ ល្មើសវ៉ាជែង កត្តាយាន កត្តាស្រវឹង និងល្មើសសញ្ញាចរាចរណ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ