(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវ ចំនួន១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ក្នុងពិធីសំណេះសំណាលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។បន្ថែមលើសពីនេះ លោកអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។លោកអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍ និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។លោកអភិសន្តិបណ្ឌិត ក៏បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ ក្នុងមួយឆ្នាំ ដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យា ដោយផ្អែកលើកម្ពស់បុរស ១ម៉ែត្រ ៧០សង់ទីម៉ែត្រឡើង និងនារី ១ម៉ែត្រ ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។បន្ថែមលើការផ្តល់អាវភ្លៀង លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធី ចំនួន ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ។បញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១ ៥២០លើកថយចុះ ១៤លើក ស្មើនឹង ១% ក្នុងនោះចំនួនអ្នកស្លាប់ មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើនឹង ៥% អ្នករបួសចំនួន ២ ១១៦នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២% ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដាក់ចេញវិធានការជាច្រើន ដើម្បីតម្រង់ទិសដល់ការរឹតបន្តឹងការអនុវត្តច្បាប់ កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ