សមាជិកព្រឹទ្ធសភាជប៉ុន៖ សន្តិភាពនៅកម្ពុជាមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
ភ្នំពេញ៖ ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភានីតិកាលទី៧បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានតួនាទីដ៏សំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិ និងប្រជាជន។ ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗដែលឯកឧត្តមបានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ចេញពីបេះដូង រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀតផងដែរ។
សម្តេចប្រធានរដ្ឋសភាបានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទាំងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាងពីរម៉ឺន នាក់ ក្នុងនោះ ស្រី ជាងមួយម៉ឺននាក់ ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅប្រទេសជប៉ុន។
សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមក និងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋសភាប្រទេសទាំងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការងាររដ្ឋសភាជប៉ុនផងដែរ។
ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ។ សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា ចំណងមិត្តភាពកម្ពុជា-ជប៉ុន និងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព ជូនពលរដ្ឋនៅក្នុងសកលលោក។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ កម្ពុជាជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ានដែលបានគាំទ្រគោលការណ៍ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ប្រទេសជប៉ុន ៕