(សៀមរាប)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួមពី អភិបាលរងក្រុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានគួសបញ្ជាក់ថា ក្រុងសៀមរាប គឺជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដោយមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ ក្នុង ឆ្នាំ១៩៩២។ ក្រៅពីនេះ ក្រុងសៀមរាបក៏មានកន្លែងកម្សាន្តដ៏សម្បូរបែប រមណីយដ្ឋាន ភោជនីយដ្ឋាន ក្លឹបកំសាន្ត មណ្ឌលកំសាន្ត ខារ៉ាអូខេ សណ្ឋាគារ ផ្ទះសំណាក់ ផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប ទីតាំងសម្រាប់លេងកីឡា មន្ទីរ ពេទ្យបង្អែក មណ្ឌលសុខភាពសាធារណៈ មន្ទីរពេទ្យឯកជន វត្តអារាម ធនាគារ សាលារៀនរដ្ឋ-ឯកជន ស្ថាប័ន សាធារណៈ និងក្រុមហ៊ុនឯកជនជាច្រើនទៀត។ កត្តាទាំងនេះបានធ្វើឲ្យក្រុងសៀមរាបតែងតែទទួលបាននូវកំណើន ភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់មកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ និងបានក្លាយជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តសៀមរាប ដែលបានទាក់ទាញនូវអ្នកវិនិយោគគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងក្រុង និងក្រៅស្រុក ចូលមកវិនិយោគ ធ្វើអាជីវកម្ម សេវាកម្ម ធ្វើការងារ និងប្រកបមុខរបរផ្សេងៗជាច្រើន កុះករ។ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្ត បានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីដោះស្រាយនូវបញ្ហានានា សំដៅលើកកម្ពស់វិស័យទេសចរណ៍ បង្កើនភាព ពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យបានជាអតិបរមា ថែរក្សាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដែលជាមរតកដូនតាសម័យអង្គរ និងប្រែរូបរាងឲ្យក្លាយជាទីក្រុងបេតិកភណ្ឌទំនើបនាពេលអនាគត ជាពិសេស ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក វិស័យទេសចរណ៍ជា មាសបៃតង” ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព។ដូចនេះ រដ្ឋបាលខេត្ត ជឿជាក់ថា ផែនការនេះនឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការដោះស្រាយ និងកែលម្អសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរឡើង។លោក សំកុល សុចិត្រា បានបន្តទៀតថា គោលបំណងនៃ ផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺត្រូវធ្វើយ៉ាងណាឲ្យក្រុងសៀមរាបមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងដើម្បីធានាឲ្យ បាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ «ផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥» «យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ» និង «ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃ ខេត្តសៀមរាប»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ