(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុកទាំង១៤ ត្រូវទប់ស្កាត់ ឲ្យបានគ្រប់បទល្មើសដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងតាមផ្លូវច្បាប់និងបន្តធ្វើជាប្រចាំឲ្យខាងតែបាន។លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។លោក សុខ លូ បានថ្លែងណែនាំដល់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវបន្ធូដៃឡើយ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបានម៉ត់ចត់នូវលទ្ធផលការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។លោក ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀត គឺពង្រឹងនិងបង្រ្កាបរាល់បទល្មើសដូចជា បទល្មើសព្រៃលិចទឹក បទល្មើសនេសាទ បទល្មើស រំលោភទន្ទ្រានយកដីរដ្ឋក្នុងតំបន់ហាមឃាត់ ដើម្បីធ្វើស្រែ និងឈានដល់ទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធ ត្រូវបង្រ្កាបឲ្យទាន់ពេលវេលា ទំនាស់ដីធ្លីនៅតាមគ្រប់ទីកន្លែង និងជាពិសេសស្រុកជុំវិញបឹងទន្លេសាប ។លោកបានបន្តថា រាល់គ្រប់បទល្មើសទាំងអស់ មានដូចជា ដីព្រៃលិចទឹក ក្នុងតំបន់៣ ឆ្វៀល ទន្រ្ទានយកដីដោយខុសច្បាប់ ដែលអាជ្ញាធរ សមត្ថកិច្ចចាប់ខ្លួនបានហើយ រឿងខ្លះយើងមិនត្រូវធ្វើការអប់រំដោះលែងនោះឡើយ គឺត្រូវចាត់បញ្ជូនខ្លួនជនល្មើសទៅសាលាដំបូងខេត្តដោយអនុវត្តតាមនីតិវិធីច្បាប់ ។លោកបានបន្តទៀតថា ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើលួចយ៉ាងសកម្ម បទល្មើសផ្សេងទៀតតែងតែកើតមានឡើងដោយសារកត្តាជាមូលដ្ឋាននោះ គឺមកពីកត្តាគ្រឿងញៀន អ្នកញៀនថ្នាំជាប្រចាំ បានបង្កអុកឡុកនៅពេលយប់តាមដងផ្លូវនិងនៅតាមផ្ទះប្រជាពលរដ្ឋគ្រប់ទីកន្លែង កន្លងមក។ក្នុងឱកាសនោះ លោក ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងថា នៅចុងខែមិថុនានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងត្រៀមរៀបចំពិធីដុតបំផ្លាញគ្រឿងញៀននៅខេត្តបាត់ដំបង ដោយធ្វើមានលក្ខណ:ពិសេសជាងឆ្នាំមុនៗ។ ក្នុងនោះដែរលោក អភិបាលស្រុកនានា អង្គភាពពាក់ព័ន្ធ ដែលនៅជាប់បឹងទន្លេសាបបានរាយការថា ការបោះបង្គោលនៅតាមព្រំដីព្រំប្រទល់ដីក្នុងដែនដីនៅជាប់ទន្លេសាបជាសមត្ថកិច្ចអាជ្ញាធរទន្លេសាប ឬ ជាសមត្ថកិច្ចរបស់ខាងណាឲ្យពិតប្រាកដនិងមានការទទួលខុសត្រូវផងដែរ។លោក អភិបាលខេត្ត បានជម្រុញបន្ថែមថា យើងទាំងអស់គ្នា ត្រូវដឹងនិងចុះសួរសុខទុក្ខពលរដ្ឋជាប្រចាំថែមទាំងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋលើគ្រប់វិស័យ និងឲ្យបានទាន់ពេលវេលា ជូនពួកគាត់ រស់នៅបានសុខសប្បាយប្រចាំថ្ងៃ នៅតាមមូលដ្ឋាននានាក្នុងក្រុង ស្រុក នៃខេត្តបាត់ដំបងយើងឲ្យបានល្អកាន់តែប្រសើរជាងមុន។ជាចុងក្រោយ លោក សុខ លូ បានរំលឹកថា យើងនឹងធ្វើយុទ្ធនាការដាំដើមឈើនាពេលខាងមុខនេះ គឺយើងចាប់ផ្តើមមុនគេនៅក្នុងក្រុងបាត់ដំបង ហើយយើងកំណត់ស្តង់ដារ យកដើមឈើកម្ពស់២ម៉ែត្រដោយ ក្រោមទិសស្លោកថា «១គ្រួសារត្រូវដាំឈើបាន១ដើម» តាមគម្រោងក្នុងក្រុងត្រូវដាំជាង៣ម៉ឺនដើម រួចប្រគល់ឲ្យម្ចាស់ផ្ទះប្រជាពលរដ្ឋនៅមុខផ្ទះនោះទទួលខុសត្រូវថែរក្សា។ សម្រាប់ស្រុកនានា ក៏ត្រូវដាំដើមឈើតាមទីប្រជុំជនឲ្យបានគ្រប់ស្រុក ដើម្បីសោភ័ណភាពបរិស្ថាន ទេសចរណ៍ ទីក្រុងស្អាត យើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ