ត្រឹម៤ថ្ងៃ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិការបរិច្ចាគសរុប ១.១៦៤.០៤៧ដុល្លារ ពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ភ្នំពេញ៖ បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជាមក គិតមកដល់ម៉ោង ៥:០០ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានសប្បុរសជនចំនួន ៩៩.៩៦៥ នាក់បានមកបរិច្ចាគ ដោយទទួលបានថវិកាសរុបជាចំនួន ១.១៦៤.០៤៧ ដុល្លារអាមេរិក។
សូមជំរាបថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តីច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។
សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។
សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ, សូមស្កែន QR Code ដូចមានក្នុងរូបខាងក្រោម រឺតាមរយៈលេខគណនីធនាគារ អេស៊ីលីដា ជាប្រាក់រៀល៖ 0001-0341273813 និងគណនីធនាគារ អេស៊ីលីដា ជាប្រាក់ដុល្លារ៖ 0001-0341273824 ក៏បាន៕