(បាត់ដំបង)៖ ប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, លោក វិជ្ជ: ហានឧត្តម អនុប្រធានមន្ទីរពេទ្យខេត្ត ឡើងជាប្រធានថ្មីជំនួសលោកវិជ្ជ: កាក់សិលា ត្រូវបានផ្លាស់ទៅការិយាល័យប្រតិបត្តិក្រុងបាត់ដំបង និងលោកវិជ្ជ: គឹម សាផាន្នភិរម្យ ជាអនុប្រធានមន្ទីរថ្មី និងដាក់ទណ្ឌកម្មស្តីបន្ទោសមិនតម្លើងថ្នាក់ក្នុងឆ្នាំ២០២៤ ចំនួន៧រូប និងបណ្តេញចោលបុគ្គលិកជួលជំនួយការគ្រូពេទ្យម្នាក់ជាបន្ទាន់។ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត, ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត,ថ្នាក់ដឹកនាំ មន្រ្តីបុគ្គ លិក គ្រូពេទ្យ ក្នុងមន្ទីរពេទ្យក្នុងរចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជាច្រើននាក់ចូលរួមផងដែរ។បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តដោយបានបញ្ជាក់ពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាលមានការរីកចម្រើន ពីថ្នាក់ខេត្តដល់ថ្នាក់ស្រុកប្រតិបត្តិ មណ្ឌលសុខភាព នានា ក្នុងខេត្តបាត់ដំបងមានការរីកចម្រើនរួចមក។លោក ស៊ន រតនា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានឡើងអានដិកាខេត្តស្តីពីការតែងតាំង ប្រធាន អនុប្រធានថ្មី និងការដាក់ទណ្ឌកម្ម វិន័យលើ គ្រូពេទ្យចំនួន៧រូប និងបណ្តេញចេញបុគ្គលិកជួលម្នាក់ចាប់ពីពេលនេះតទៅ។លោកវិជ្ជ: ហាន ឧត្តម ប្រធានមន្ទីរពេទ្យទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយខិតខំបម្រើការដែលថ្នាក់លើបានប្រគល់ឲ្យ ដោយត្រូវនាំគ្នាគោរពវិជ្ជាជីវ:ជាគ្រូពេទ្យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបន្តដឹកនាំការងារក្នុងមន្ទីរពេទ្យ ជម្រុញបណ្តុះបណ្តាលជំនាញឯកទេសដល់មន្រ្តីបន្ថែមទៀតដើម្បីយកមកអនុវត្តការងារឲ្យបានល្អកាន់តែប្រសើឡើង។លោក សុខ លូ បានថ្លែងអំណរគុណដល់លោកវិជ្ជ: កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តចាស់ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្ត ខិតខំបម្រើការងារក្នុងតួនាទីរបស់លោកជាថ្នាក់ដឹកនាំ ដែលមានស្នាដៃល្អនិងមានភាពរីកចម្រើនខ្លាំងដល់បច្ចុប្បន្ន។លោកបានបន្តថា ការដាក់ទណ្ឌកម្មដល់គ្រូពេទ្យទាំងអស់នេះ ជាការស្តីបន្ទោសក្នុងកំណត់ហេតុផ្ទាល់ខ្លួន និង ផ្អាកការឡើងថ្នាក់២ឆ្នាំជារឿងធម្មតាគឺធ្វើទៅតាមច្បាប់តាមលក្ខន្តិក:មន្រ្តីរាជការស៊ីវិល ប៉ុណ្ណោះ ។លោកក៏បានលើកឡើងថា បើយើងគិតថា រឿងតូចក៏មិនតូច រឿងធំពេកក៏មិនធំដែរ ។ ដោយឡែកការខុសឆ្គងការងារវិជ្ជាជីវ:នេះក៏ជារឿងសំខាន់ តែងតែមានខុស ឬ ត្រូវ មានជារឿងធម្មតាទេ។ បើមន្រ្តីណាបានទទួលរងការវិន័យនេះហើយ បើចង់សុំឈប់ធ្វើការងាររដ្ឋហើយទៅបើកអាជីវកម្មឯកជន (Clinic) ក៏រិតតែមិនអនុញ្ញាតបានទៀតផង។លោកអភិបាលខេត្ត ក៏បានលើកការសរសើរដល់មន្រ្តី បុគ្គលិក គ្រូពេទ្យ យើង បានកែប្រែអំពីវិជ្ជាជីវ: គឺបានល្អប្រសើរជាងពីមុន ចំណេះជំនាញគ្រូពេទ្យខ្មែរយើងឥឡូវនេះ មានការរីកចម្រើនច្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ។ លើសពីនេះ ក្រោយពីជំនាន់មុនៗគ្រូពេទ្យនៅស្រុកខ្មែរបច្ចុប្បន្ន បានរៀនសូត្របានច្រើន ធនធានមនុស្សក៏មានកាន់តែច្រើន ហើយមន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិនានា មណ្ឌលសុខភាពនៅតាមបណ្តាស្រុក ឃុំ ក៏មានច្រើនដែរ។លោកបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តសន្យាជួយពង្រឹងកិច្ចការសុខាភិបាលខេត្តយើងសូមឲ្យមន្ទីរពេទ្យ ដែលមាន មន្រ្តី បុគ្គលិក ក្នុងវិស័យសុខាភិបាលយើងនេះត្រូវពង្រឹងសមត្ថភាពរបស់ខ្លួននិងបន្តមានសាមគ្គីភាពគ្នា សាមគ្គីផ្ទៃក្នុងឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋយើងកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវ:របស់ខ្លួនឲ្យបានសមរម្យរស់រាយរាក់ទាក់ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ