ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ៣ខ្សែ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
Sat,22 June 2024 (Time 03:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ព្រមទាំងឆ្លៀតចូលជួបនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងផងដែរ។

សកម្មភាពចុះពិនិត្យផ្លូវខ្សែទាំង៣ខ្សែនោះ រួមមាន៖

ខ្សែផ្លូវទី១៖ មានប្រវែងសរុប១៤,៦១៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន១០,១០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ខ្សែផ្លូវទី២៖ មានប្រវែងសរុប១៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សីទៅដល់ភូមិប៉ែន ឃុំមោង ស្រុកគាស់ក្រឡ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន២៧,៤៣% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ខ្សែផ្លូវទី៣៖ មានប្រវែងសរុប២៩,៣១៣គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ទៅដល់ភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន១៩,២០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

សូមបញ្ជាក់ថា កម្មវិធី RID4CAM នឹងត្រូវធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែងសរុបប្រមាណ៤១៩,៩០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួននៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ដោយឡែកខេត្តបាត់ដំបង កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៩ខ្សែ ប្រវែងសរុប១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង ជាពិសេសគួរគិតគូរដល់ការជ្រើសរើសនូវបច្ចេកវិទ្យាថ្មី ដើម្បីជំនួសវត្ថុធាតុដើមធម្មជាតិដែលកម្រនិងមានតម្លៃខ្ពស់។

នាឱកាសការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះ លោករដ្ឋមន្ដ្រីក៏បានចូលជួបសំណេះសំណាលប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ។ លោករដ្ឋមន្ត្រីបានលើកឡើងថា សមិទ្ធផលទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ។

នាព្រឹកថ្ងៃដដែល លោក ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរ បានជួបសំណេះសំណាលជាលើកទី២ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងសរុបចំនួន៤៤រូប។ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ដែលជាការរួមចំណែកធ្វើឱ្យទទួលជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

លោករដ្ឋមន្ដ្រីបានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង៤របស់ក្រសួង៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ការអប់រំផ្លាស់ប្ដូរឥរិយាបថ ការប្រកាន់ភ្ជាប់អនាម័យផ្ទាល់ខ្លួនឱ្យមានសុខភាពល្អ មាំមួន ដើម្បីលើកកម្ពស់អាយុសង្ឃឹមរស់មធ្យមឱ្យកាន់តែខ្ពស់ ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញ និងបំណិនជីវិត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរកសិកម្ម និងទី៤-ការពង្រឹងស្ថាប័ន និងកិច្ចការរដ្ឋបាល តាមរយៈការជ្រើសរើសមន្ដ្រី ការបណ្ដុះបណ្ដាលមន្រ្ដី និងយន្ដការលើកទឹកចិត្តមន្ដ្រីតាមគ្រប់រូបភាព តាមរយៈការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ដ្រី។

លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងទាំងអស់ ដូចខាងក្រោម៖
* ត្រូវបន្ដបំពេញតួនាទីឱ្យបានសកម្មបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតឱ្យសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
* ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធានសម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែច្រើន។
* ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ, កំណត់របបប្រជុំ និងរាយការណ៍ឱ្យបានទៀតទាត់, ការរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅកន្លែងបំពេញការងារ និងរបៀបរបបធ្វើការ។
* ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ។
* មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ