ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា ជាមួយរដ្ឋាភិបាលកូរ៉េ។ ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងតំណាងស្ថានទូតកូរ៉េលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាច្រើនរូបទៀត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីជម្រាបជូនលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ ក្រសួងបានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមានៈ (ទី១) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, (ទី៣) ការអភិវឌ្ឍន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, (ទី៤) ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និង(ទី៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំដែងការថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រផ្នែកបច្ចេកទេស និងបានផ្តល់ជាហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកន្លងមក។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសូម សាជីវកម្មសហគមន៍កូរ៉េ (KRC) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឲ្យ KRC គាំទ្រសំណើគម្រោងថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឈ្មោះថា “Improvement of Household’s Income Through Comprehensive Community Development” គ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបន្តនិរន្តភាពនៃគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់លើការអភិវឌ្ឍន៍ភូមិនៅជនបទឲ្យក្លាយជាភូមិគំរូ សំដៅបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការបង្កើតឱកាសការងារនៅនឹងកន្លែង ដែលចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។ជាការឆ្លើយតបលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តការឲ្យកាន់តែល្អថែមទៀត ក៏ដូចជាសូមទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីផងដែរ។ជាកម្មវិធីបញ្ចប់ជាការអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា” ដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ