ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពតស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលមានទំនាស់ ឬវិវាទជាមួយគ្នាត្រូវបើកចិត្ត បើកបេះដូងឱ្យទូលាយ
Tue,18 June 2024 (Time 08:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ខេត្តកំពត៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅសាលមហាជនសាលាខេត្តកំពត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ដែលមានទំនាស់ ឬវិវាទជាមួយគ្នាត្រូវបើកចិត្ត បើកបេះដូងឱ្យទូលាយ អធ្យាស្រ័យគ្នាទៅវិញទៅមកទទួលយកការដោះស្រាយវិវាទដើម្បីបញ្ចប់បញ្ហា។

ឯកឧត្តមអភិបាលខេត្ត បន្តលើកឡើងទៀតថា ការបញ្ចប់វិវាទមួយទៅបាន គឺតម្រូវឱ្យមានការទទួលយកនូវការពិត អ្នកខុសគឺទទួលខុស អ្នកត្រូវគឺទទួលត្រូវ ដោយមិនមានការបំពានទៅលើអ្នកដទៃ យករបស់គេត្រូវឱ្យគេវិញ។ ការចង់ឈ្នះចង់ចាញ់រវាងគ្នានឹងគ្នា នឹងធ្វើឱ្យការសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនអាចបញ្ចប់បាននោះទេ ដូច្នេះសូមបើកបេះដូង បើកចិត្តឱ្យទូលាយទទួលយកនូវការពិតអំពីខុស និងត្រូវ ហើយបញ្ហាវិវាទទាំងអស់ដែលត្រូវបានលើកយកមកដោះស្រាយ គឺត្រូវការចាំបាច់បំផុតនូវការចូលរួមទទួលយកនូវការពិត។

ឯកឧត្តមអភិបាលបានបន្តថា ប្រសិនបើយើងទាំងអស់គ្នា ដែលមានទំនាស់ ហើយគិតតែចង់យកឈ្នះ យកចាញ់ មិនគិតពីត្រូវឬខុសនោះ ការដោះស្រាយវិវាទនេះនឹងមិនទទួលបានជោគជ័យនោះទេ ដែលកត្តានេះ នឹងអូសបន្លាយពេលវេលា ហើយឆ្លងចូលទៅដល់ការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការ ធ្វើឱ្យបងប្អូនពលរដ្ឋទាំងអស់ខាតបង់ពេលវេលា និងការចំណាយផងដែរ។

លោកអភិបាលខេត្តបន្តថា ប្រសិនបើអ្នកយករបស់គេ ត្រូវប្រគល់ឱ្យគេវិញ ព្រោះប្រសិនបើយើងយករបស់គេឈឺចាប់ ហើយបើគេយករបស់យើង ក៏យើងឈឺចាប់ដូចគ្នា យើងជាខ្មែរដូចគ្នា រស់រានមានជីវិតក្រោយថ្ងៃកំណើតទី២ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដូចគ្នា ដូច្នេះយើងត្រូវចេះស្រឡាញ់ និងយោគយល់គ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្ទាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ ពិសេសសម្តេចតែងតែដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាក។

ទន្ទឹមនឹងនោះ សម្តេចក៏បានបង្កើត និងរៀបចំឡើងនូវកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមគ្នាដោះស្រាយបញ្ជប់វិវាទរបស់ពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជៀសវាងការប្តឹងផ្តល់គ្នាទៅកាន់តុលាការ ដែលជាហេតុធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលា ព្រោះសំណុំរឿងនៅតុលាការមានច្រើន ពិសេសនោះគឺការខាតបង់នូវធនធានថវិកា។

សូមបញ្ជាក់ថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ លោកអភិបាលខេត្ត បានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រមាណជិត ៣ពាន់ករណី ដោយឯកឧត្តមអភិបាលខេត្ត បានចុះទៅកាន់មូលដ្ឋានក្រុង-ស្រុកទាំង៩ ក្នុងខេត្ត ធ្វើការដោះស្រាយដោយផ្ទាល់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ មន្ទីរជំនាញពាក់ព័ន្ធ ហើយការដោះស្រាយត្រូវទទួលបានការសាទរ និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ