ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង បានថ្លែងអំណរគុណ ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កន្លងមក ជាពិសេស ការចូលរួមសហការក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។ឯកឧត្តមថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។ឯកឧត្តមបញ្ជាក់ថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើបTVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។ឯកឧត្តមថ្លែងថា៖«យើងសង្ឃឹមថា យុវជនដែលទើបតែដល់វ័យ ចូលទីផ្សារការងាររើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន។»តាមរយៈរបាយការណ៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន។សូមជម្រាបជូនថា ក្នុងទិវាជាតិនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ក្នុងទិវានេះ ក្រសួងបានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេស ការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវរ៉ូបូតផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់ ៦ភាសា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ