ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ​ផ្តល់អនុសាសន៍៦ចំណុចដល់រដ្ឋបាលរាជធានីភ្នំពេញ ​ជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងដើរមុនតម្រូវការប្រជាជន
Mon,17 June 2024 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ផ្តល់អនុសាសន៍៦ចំណុចដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប ​និងដើរមុនតម្រូវការប្រជាជន​ ព្រមទាំងការកាត់បន្ថយការកកស្ទះចរាចរណ៍។

ការផ្តល់អនុសាសន៍ណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ​អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃនគរូបនីយកម្ម​ សម្តេចផ្ដល់នូវទស្សនៈ និង អនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១. ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង, ក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១).បង្កើនល្បឿនការ អភិវឌ្ឍទីក្រុងដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥, និង ២). ផ្តើមគិតពីកិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ទី២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ, ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាត។

​​ទី៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ,
ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម។

ទី៤. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្តាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹកព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាចកើតមានជាយថាហេតុ។

ទី៥. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍​ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវ លើកលែងឡើយ។

ទី៦. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍សំដៅ​, ម្យ៉ាងកាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និង ម៉្យាងទៀតកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការបង្កើនសម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ​ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និងចេញពីបម្រើការងារ (Rush Hours)​ រដ្ឋបាលរាជធានី ភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ