ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីណែនាំដល់ក្រុមប្រឹក្សាក្រុងសែនមនោរម្យទើបទទួលមុខតំណែងថ្មី ខិតខំបម្រើប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព
ខេត្តមណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់ក្រុមប្រឹក្សាក្រុងសែនមនោរម្យទើបទទួលបានមុខតំណែងថ្មីនាពេលនេះ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងសែនមនោរម្យ អាណត្តិទី៤ ទាំង១១រូប ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងសែនមនោរម្យ ព្រមទាំងចៅសង្កាត់ នាយ នាយរងប៉ុស្ត៍រដ្ឋបាលសង្កាត់ទំាងបួន។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ញ៉ន សិទ្ធ បន្ថែមថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងសែនមនោរម្យ អាណត្តិទី៤ គឺអនុលោមតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ ទន្ទឹមនឹងនោះ លោក អភិបាលរងខេត្ត ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងសែនមនោរម្យ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងសែនមនោមរ្យ អាណត្តិទី៤ ដើម្បីបន្តដឹកនាំ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោក ហៀក សុផាន អភិបាលក្រុងសែនមនោមរ្យ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង កម្លាំងផ្នែកសឹករងក្រុង រួមសហការជាមួយរដ្ឋបាលសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ បានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបក្នុងដែនសមត្ថកិច្ច មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជាពិសេសបានអនុវត្តរបបប្រជុំជាប្រចាំដើម្បីត្រួតពិនិត្យសភាពការណ៍ ដាក់ចេញផែនការ និងវិធានការជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៤ របស់រដ្ឋបាលក្រុងសែនមនោរម្យ មានសមាជិកចំនួន ១១រូប ក្នុងនោះលោក ចាយ ថៃ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងសែមនោរម្យផងដែរ៕