ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនង និងមិត្តភាពដ៏ល្អ នៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវ ហើយថារដ្ឋសភាបើកទ្វារចំហស្វាគមន៍ជានិច្ចជាមួយស្ថានទូតគុយបា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងសកម្មឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតាំងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្រ្តីមានការលះបង់ និងតស៊ូខ្ពស់នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោកប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានាដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ Milena Caridad Zaldivar Piedra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាត និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកជំទាវមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តប្រវត្តិសាស្រ្តរបស់គុយបា។ លោកជំទាវបានបញ្ជាក់ពីអារម្មណ៍ថា កម្ពុជាដូចជាប្រទេសទី២ ឬផ្ទះទី២របស់លោកជំទាវ។លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា។ លោកជំទាវ បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បានគឺសាមគ្គីភាព និងការធ្វើការរួមគ្នា។ លោកជំទាវបានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា។លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ជាមួយគ្នានេះ គុយបាក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយគាំទ្រខ្លួនលើបញ្ហាសន្តិសុខស្បៀងដោយបានផ្តល់ជំនួយជាអង្ករជាច្រើនតោន ជាពិសេសនៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩។ លោកជំទាវបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា គុយបានឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។នាឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរហើយត្រូវបានបន្តពូនជ្រំតាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។ ជាក់ស្តែង ដំណើរទស្សនកិច្ច សម្តេចតេជោ នៅសាធារណរដ្ឋគុយបាជាបន្តបន្ទាប់នៅឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរវិញ បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគុយបា-កម្ពុជា បានដើរតួនាទីសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងសភា និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគាំទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។មុននឹងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភាធិបតី ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ