រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានត្រូវតែជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា ក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ក្រសួងព័ត៌មានក៏បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដោយផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញផ្សព្វផ្សាយ គឺជាព័ត៌មានត្រឹមត្រូវ ពិតប្រាកដ មិនបំពុលសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នក្នុងបរិបទសម័យឌីជីថល ការគ្រប់គ្រងខ្លឹមសារ និងលឿននៃការផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។
ការថ្លែងបញ្ជាក់ដូច្នេះក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយមានការចូលរួមពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញថ្លែងថា មន្ទីរព័ត៌មាន គឺមានតូនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញ ព្រឹត្តការណ៍ដែលកើតឡើងគួរផ្សាយ ឬមិនផ្សាយ ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នកសារព័ត៌មាន ក៏មានតូនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ៕