ខេត្តបាត់ដំបង៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះទៀត។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ដូចនេះក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានរម្លឹកដល់អង្គពិធីជាង១ ២០០នាក់ អំពីការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះឬមីន និងមេរោគអេដស៍ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។ភ្ជាប់នឹងការគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានបង្ហាញការកត់សម្គាល់ជូនអង្គពិធីទៀតថា កាលពីឆ្នាំ២០២៣ ស្វីសដែលមានប្រជាជនជាង៨លាននាក់ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់មានប្រជាជនជាង៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មានអ្នកស្លាប់ជាង១ ០០០នាក់។គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្កើនសំឡេងអំពាវនាវដោយទទូចទៅកាន់ភាគីពាក់ព័ន្ធបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋនិងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន ត្រូវពាក់មួកឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ ជាដើម។សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ