ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថារដ្ឋាភិបាលចិន នឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងឱកាសនៃជំនួបនេះ លោក វ៉ាង វិនធាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។លោក ក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា «រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។ជាការឆ្លើយតប សម្ដេចធិបតី សម្ដេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។សម្ដេចធិបតី បានលើកឡើងថា នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបលោកឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ លោកជានិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ