អយ្យការខេត្តបាត់ដំបង ចោទប្រកាន់ក្រុមក្មេងទំនើង៥នាក់ ក្រោយយកដាវសាំម៉ូរ៉ៃ ដុំថ្ម និងដំបង ដើរចូលវាយបន្ទប់ជួលរបស់ប្រជាពលរដ្ឋ
(បាត់ដំបង)៖ អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ក្រុមក្មេងទំនើងចំនួន០៥នាក់ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ តាមនីតិវិធី ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី០២ឆ្នាំ ទៅ០៥ឆ្នាំ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់ អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពប្រដាប់ដោយដាវសាំម៉ូរ៉ៃ ចំនួន០១ដើម,ដុំថ្មចំនួន០៤ដុំ និងដំបង ដើរចូលសំដៅទៅបន្ទប់ជួលរបស់ប្រជាពលរដ្ឋ រួចធ្វើសកម្មភាពធាក់ទ្វារ និងយកដុំថ្ម គប់ទៅលើបន្ទប់ ព្រមទាំងយកដាវសាំម៉ូរ៉ៃកាប់ទ្វារបន្ទប់ បណ្តាលឲ្យខូចខាត ។
ជាថ្មីម្ដងទៀត អយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់យកចិត្តទុកដាក់អប់រំកូនចៅ ធ្វើជាពលរដ្ឋល្អ កុំប្រព្រឹត្តអំពើល្មើសនឹងច្បាប់ និងជៀសអោយឆ្ងាយពីក្រុមក្មេងទំនើងដែលនាំឲ្យមានទោសទណ្ឌ ដល់ខ្លួន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង៖