ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសចិនប្រចាំកម្ពុជា បានចាត់ទុកទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនង អន្តរជាតិបែបថ្មី ។ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃ២៧ ឧសភា លោក Wang Wentian បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។លោកសង្កត់ធ្ងន់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប ។ លោកមានកិត្តិយសបំផុត ក្នុងជីវិត របស់លោកដែលបានធ្វើជា ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា និង ត្រូវបានផ្តល់ឱកាសឲ្យចូលរួម លើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។លោកមានការពេញចិត្តបំផុត ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំ របស់សម្តេចធិបតី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបាននាំមក នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។លោក វ៉ាង វិនធាន បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាច ដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ដែលបានជាប់ឆ្នោត ជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោកមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និង កម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀង ជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។លោក វ៉ាង វិនធាន ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញា សហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឲ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ ។ ជាលទ្ធផល នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។លោក វ៉ាង វិនធាន ក៏បានរំលឹកផងដែរ អំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា ។លោកបានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ លោកលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេចតេជោ នៅចិននាពេលខាងមុខ។ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ