អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចាត់គ្រប់វិធានការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើង ឲ្យបានម៉ឹងម៉ាត់
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញសកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឲ្យព្រួយបារម្ភ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឲ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏អំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាលចូលរួមអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស បុត្រធីតា របស់ខ្លួនឲ្យបានល្អ។
ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បង្កើននូវកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឲ្យបានដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទទួលបានជោគជ័យ៕