ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោក។ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនៃជំនួប លោក Shohrat Zakir បានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។បន្ថែមលើនេះ លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់ ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។មុននឹងបញ្ចប់ សម្តេចធិបតី និងលោក Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិន ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ