ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារវិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល។សម្តេចបានវាយតម្លៃដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ពីវឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងាររបស់ក្រុមការងាររដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលរាយការណ៍ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តបានវាយតម្លៃខ្ពស់ចំពោះតួនាទីរដ្ឋសភាកម្ពុជានៅលើឆាកអន្តរជាតិ។ សម្តេចបានបញ្ជាក់បន្ថែមថា កម្ពុជាស្មើមុខស្មើមាត់ជាមួយអន្តរជាតិ មិនតែប៉ុណ្ណោះ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវេទិកាអន្តរសភាជាច្រើនដែលសភាកម្ពុជាជាសមាជិកនោះ បណ្តាប្រទេសជាមិត្តបានអញ្ជើញកម្ពុជា ជាវាគ្មិន នៅក្នុងការចែករំលែកបទពិសោធជាក់ស្តែងពីការកសាង និងការថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា វិស័យការទូតកម្ពុជារឹងមាំ និងរស់រវើកបណ្តាលមកពីផ្ទៃក្នុងរបស់កម្ពុជារឹងមាំ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យការទូត ដែលនៅក្នុងនោះ វិស័យការទូតមានច្រើនវិស័យ មិនត្រឹមការទូតនយោបាយនោះទេ មានការទូតសភា ការទូតសេដ្ឋកិច្ច ការទូតប្រជាជនជាដើម។សូមជម្រាបថា ក្នុងរបាយការណ៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រដ្ឋសភាកម្ពុជា បានកំពុងបំពេញបេសកកម្មវិស័យការទូតសភាយ៉ាងសកម្មទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលជាវេទិកាសភានៃបណ្តាប្រទេសសមាជិកអាស៊ាននោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតប្រចាំឆ្នាំ(AIPA) ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១៩ និងឆ្នាំ២០២២។ រដ្ឋសភាកម្ពុជាបានកំពុងត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួល និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការពង្រឹងការទូតសភាដើម្បីសន្តិភាព ជាកត្តាសំខាន់ និងចាំបាច់ ដើម្បីរួមចំណែកដល់ការបញ្ចប់នូវវិនាសកម្មទាំងនេះ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមពិតជាយល់ច្បាស់ និងមិនចង់ឃើញសង្រ្គាម កើតឡើងនៅទីណាមួយនោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ