ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកបញ្ហារបស់ពលរដ្ឋចោល ដោយមិនខិតខំជួយដោះ ស្រាយឱ្យអស់លទ្ធភាពនោះឡើយ ទោះបីក្នុងស្ថានភាពលំបាក ស្ថានភាពសប្បាយរីករាយ ឬជួបបញ្ហាយ៉ាងណានោះទេ គឺនៅតែតាមជួយគាំពារពលរដ្ឋខ្លួន ឬក៏សហការជាមួយភាគីប្រចាំប្រទេសនីមួយៗ ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងនិស្សិតទៅសិក្សានៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់នោះទេ, រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់ ដូច្នេះគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើសម្រាប់ប្រជាពលរដ្ឋនៅកូរ៉េនេះ គឺបានធ្វើច្រើន»។សម្ដេចធិបតីបានបន្តថា នៅអំឡុងពេលកូវីដ១៩ រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយភាគីកូរ៉េ ដើម្បីជួយគាំពារដល់ពលករខ្មែរជាដើម ខណៈបច្ចុប្បន្នមន្ត្រីអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ មន្ត្រីក្រសួងការងារ មន្ត្រីទូតនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលការងារធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរតាមអនឡាញ ដោយមិនមានការរើសអើងអ្វីឡើយ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តទៀតថា ចំពោះការងាររៀបចំផ្ទះសំណាកសម្រាប់ពលករខ្មែរក៏បានរៀបចំច្រើនឡើងដែរ ដើម្បីសម្រួលដល់ពលករដែលត្រូវការស្នាក់នៅបណ្ដោះអាសន្ន ជាមួយនឹងការទទួលបានការឧបត្ថម្ភជាអាហារ ឬអង្ករជាដើម។ ជុំវិញកិច្ចការនេះ ភាគីកម្ពុជាបានសហការជាមួយសមាគមនៅកូរ៉េ ដើម្បីជួយផ្ដល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជំនួយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ភាគីកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ដើម្បីធ្វើកិច្ចការមួយចំនួនជួយដល់ពលករខ្មែរនៅកូរ៉េ។ សម្ដេចធិបតីក៏សង្ឃឹមដែរថា កិច្ចការទាំងឡាយនេះនឹងបន្តធ្វើទៀត ពីព្រោះនឹងមានពលករខ្មែរមកប្រទេសកូរ៉េបន្ថែម ព្រមទាំងមានអ្នកត្រូវការជំនួយឱ្យជួយដោះស្រាយបន្ថែមទៀតដែរ។ម្យ៉ាទៀតដែរ នៅពេលពលករខ្មែរជួបគ្រោះថ្នាក់ផ្សេងៗ ស្ថានទូតកម្ពុជាប្រចាំកូរ៉េ មន្ត្រីក្រសួងការងារដែលប្រចាំការនៅទីនោះក៏បានសហការជាមួយមេធាវី និងភាគីកូរ៉េ ដើម្បីធានាការដំណើរការនីតិវិធីឱ្យបានល្អ ឱ្យបានសមរម្យ ដើម្បីឱ្យជនរងគ្រោះទទួលបានសំណង អត្ថប្រយោជន៍ផ្សេងៗ ឬក៏ប្រគល់ឱ្យបានដល់ដៃគ្រួសារជនរងគ្រោះ (ករណីសាមីខ្លួនបាត់បង់ជីវិត)។សម្ដេចធិបតីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដើរចោលពលរដ្ឋខ្មែរឡើយ មិនថានៅទីណានោះទេ ហើយសម្ដេចបានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខិតខំជួយប្រជាពលរដ្ឋឱ្យបានល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ