ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះដឹកនាំសមាជិកសមាជិកជិត ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះនៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។យុទ្ធនាការដែលមានការជួបជុំនិងការដង្ហែក្បួននៅក្នុងក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះដែលតាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន មានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិនិងបម្រុងចំនួន ៤២ រូប និងក្រុមប្រឹក្សាក្រុងស្រុកទាំងពេញសិទ្ធិនិងបម្រុងសរុបចំនួន ២៤២រូប។ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថាយុទ្ធនាការឃោសនាបោះឆ្នោតនេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលព្រះរាជាណាចក្រកម្ពុជាបានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែមទៀត តាមរយៈការបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដ៏ខ្លីខាងមុខនេះ។ ខេត្តក្រចេះបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ឯកឧត្តមបានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព។ សន្តិភាពពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងការសង្គ្រោះជាតិកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត, ខិតខំប្រឹងប្រែងស្តារ និងកសាងជាតិឡើងវិញពីបាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាពកម្ពុជា» មគ្គុទ្ទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងនយោ បាយនិងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ របស់កម្ពុជា។ កម្ពុជាដែល ពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងពលរដ្ឋរស់ក្នុងភាពសុខសាន្តក្រោមដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះ។ ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត, គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ និងគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ចាំតែសេចក្តីស្លាប់បានទាន់ពេលវេលា, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលបានកសាងឡើងក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ, បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំង ស្រុងក្នុងរបបប៉ុល ពត ក្លាយជាអ្នកធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ហើយបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺ ពិតជាផ្តើមចេញពីជ័យ ជម្នះ ៧ មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជាមិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ។ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ «ខ្ញុំសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ»។ នេះជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា នៅចំពោះមុខសមាជិកសមាជិកគណបក្សនៅទីស្នាក់ការគណបក្សខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ